(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រួហានី (Hassan Rouhani) បានព្រលះសហដ្ឋអាមេរិកតាមរយៈការនិយាយថា ការដាក់ទណ្ឌកម្មមកលើរដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ ពីសំណាក់ទីក្រុងវ៉ាស៊ីនតោននោះ គឺជាទង្វើបែប «កូនក្មេង»។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ២០១៩។

នៅមុនការថ្លែងរបស់ប្រធានាធិបតីអ៊ីរ៉ង់ខាងលើនេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អាប់បាស់ មួវ៉ាស៊ី (Abbas Mousavi) បាននិយាយថា សហរដ្ឋអាមេរិកបានសម្រេចចិត្ត​ដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ម៉ូហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) គឺដោយសារតែភ័យខ្លាចចំពោះ ជំនាញចរចាដ៏ប៉ិនប្រសព្វរបស់​ប្រមុខការទូតអ៊ីរ៉ង់រូបនេះ។

នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃព្រហស្បតិ៍នេះ លោក Abbas Mousavi បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចំណុចឆ្កួតឡប់ដល់ចំណុចកំពូលមេដឹកនាំអាមេរិក គឺនៅត្រង់ពួកគេមិនទទួលស្គាល់លោក Zarif ជាមនុស្សមានឥទ្ធិពលម្នាក់ នៃគោលនយោបាយអ៊ីរ៉ង់ ដោយហ៊ានដាក់ទណ្ឌកម្មលើរូបលោក... ប៉ុន្តែតាមការពិត តាមរយៈទណ្ឌកម្មនេះបង្ហាញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកកំពុងភ័យខ្លាច ចំពោះជំនាញចរចាដ៏ប៉ិនប្រសប់របស់លោកទៅវិញទេ»។

គួរបញ្ជាក់ថា ក្រសួងរតនាគារជាតិអាមេរិកនៅថ្ងៃពុធសប្ដាហ៍នេះ បានសម្រេចចិត្តដាក់ទណ្ឌកម្មប្រឆាំងនឹង លោក Javad Zarif និងបានចាត់ទុកថា វាគឺជាសារព្រមានមួយផ្ញើជូនរបបដឹកនាំអ៊ីរ៉ង់។ ម្យ៉ាងវិញទៀតយោងតាមទណ្ឌកម្មខាងលើ ទ្រព្យសម្បត្តិរបស់លោក Zarif ដែលមាននៅក្នុងសហរដ្ឋអាមេរិក ឬគ្រប់គ្រងដោយអង្គភាព អាមេរិកណាមួយនឹងត្រួវបានបង្កក។

ប៉ុន្តែលោក Zarif បានអះអាងថា ទណ្ឌកម្មនេះនឹងមិនធ្វើឱ្យប៉ះពាល់ដល់លោក និងក្រុមគ្រួសាររបស់លោកឡើយ ពីព្រោះលោកគ្មានទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិក ឬនៅប្រទេសដទៃទៀតក្រៅពីអ៊ីរ៉ង់នោះទេ។ មិនតែប៉ុណ្ណោះលោកក៏អរគុណផងដែរដល់ ទីក្រុងវ៉ាស៊ីនតោន ដែលបានចាត់ទុកលោកជាការគំរាមកំហែងដ៏ធំសម្រាប់នយោបាយអាមេរិក តាមរយៈការដាក់ទណ្ឌកម្មនេះ៕