(ហាណូយ)៖ នាយកដ្ឋានប៉ូលិសចរាចរណ៍វៀតណាម នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ៩,៨២០ករណី បានកើតឡើងនៅក្នុងប្រទេសវៀតណាមនៅចន្លោះខែមករា ដល់ខែកក្កដា ឆ្នាំ២០១៩ និងបានផ្ដាច់ជីវិតមនុស្ស ៤,៤៦៧នាក់, របួសធ្ងន់ ២,៧៩៤នាក់ និងរបួសស្រាល ៤,៦៧៦នាក់ ខណៈតួលេខនេះ គឺបង្ហាញអំពីការធ្លាក់ចុះគួរឲ្យកត់សម្គាល់ បើធៀននឹងកំឡុងពេលដូចគ្នាកាលពីឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នំា២០១៩។

យោងតាមនាយកដ្ឋានប៉ូលិសចរាចរណ៍វៀតណាម តួលេខខាងលើបង្ហាញថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ចុះប្រមាណ ៥.១ភាគរយ, ចំនួនអ្នកស្លាប់ធ្លាក់ចុះ ៥.៣ភាគរយ, ចំនួនអ្នករងរបួសធ្ងន់ធ្លាក់ចុះ ២.២ភាគរយ និងចំនួនរបួសស្រាលធ្លាក់ចុះអស់ ១០.៩ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ ការធ្លាក់ចុះនេះអាចចាត់ទុកជាលទ្ធផលមួយ​នៃការប្តេជ្ញារឹតបណ្តឹងច្បាប់ចរាចរណ៍ដ៏ខ្លាំងក្លារបស់វៀតណាម កាលពីឆ្នាំ២០១៧ និងឆ្នាំ២០១៨ ដើម្បីកាត់បន្ថយការស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់ប្រចាំឆ្នាំ ជាពិសេសទៅលើអ្នកជិះម៉ូតូ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍ ១៨,២៣២ករណី នៅក្នុងប្រទេស វៀតណាមបានផ្ដាច់ជីវិតមនុស្ស ៨,១២៥នាក់, របួសធ្ងន់ ៥,១២៤នាក់ និងរបួសស្រាល ៩,០៧០នាក់។ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អាជ្ញាធរវៀតណាមក៏គ្រោងនឹងដំឡើង កាមេរ៉ាសុវត្ថិភាពនៅក្នុងទីក្រុងហូជិមិញ និងទីក្រុងហាណូយនៅត្រឹមឆ្នាំ២០២០ និងនៅទូទាំងប្រទេសនៅឆ្នាំ២០២២ ក្នុងគោលបំណងត្រួតពិនិត្យការរំលោភច្បាប់ចរាចរណ៍ ជាដើម ព្រមទាំងបង្កើនទម្ងន់លើការផាកពិន័យ ឬទោសទណ្ឌផងដែរ៕