(សេអ៊ូល)៖ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា បុរសកូរ៉េខាងជើងម្នាក់បានលួចឆ្លងតំបន់គ្មានយោធា (DMZ) ដែលជាតំបន់បែងចែកព្រំដែនរវាងកូរ៉េទាំងពីរ ចូលទៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយឥឡូវកំពុងស្ថិតក្នុងមន្ទីឃុំឃាំងនៅទីក្រុងសេអ៊ូល។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន CNA នាព្រឹកថ្ងៃទី ០១ សីហា ឆ្នាំ ២០១៩។

រហូតមកដល់ពេលនេះ គេនៅមិនទាន់មានព័ត៌មានណាមួយ ដែលអាចបញ្ជាក់ពីអត្តសញ្ញាណរបស់បុរសនោះ ឬមូលហេតុដែលធ្វើឲ្យគាត់ប្រថុយជីវិត លួចឆ្លងព្រំដែនដែលមានការការពារយ៉ាងតឹងរ៉ឹងបែបនេះនៅឡើយទេ។ យ៉ាងណាមិញ ក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ របស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានលើកឡើងថា ការឃុំឃាំងបុរសម្នាក់នោះ គឺត្រូវបានអនុលោមទៅតាមនីតិវិធីច្បាប់ ហើយអជ្ញាធរដែលពាក់ព័ន្ធកំពុងសួរចម្លើយគាត់ហើយ។

ដោយឡែក បើតាមរយៈយោធាកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា កាលពីយប់ថ្ងៃពុធម្សិលមិញ ពួកគេបានប្រទះឃើញបុរសម្នាក់នោះ រំកិលខ្លួនឆ្ពោះមកភាគខាងត្បូង បន្ទាប់ពីគេបានឆ្លងកាត់បន្ទាត់កំណត់ព្រំដែន នៅខាងក្នុងតំបន់គ្មានយោធា (DMZ) រវាងកូរ៉េទាំងពីរ។ បើតាមទិន្នន័យកន្លងមក ជនជាតិកូរ៉េខាងជើងប្រមាណជាង ០៣ម៉ឺននាក់ហើយ ដែលបានលួចឆ្លងព្រំដែនចូលកូរ៉េខាងត្បូង ចាប់តាំងពីប្រទេសទាំងពីរត្រូវបានពុះចែកជាពីរ ដោយសារសង្គ្រាមកាលពីជាង ៦៥ឆ្នាំមុន៕