(វ៉ាស៊ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថាកូនប្រុសរបស់អតីតមេដឹកនាំក្រុម អាល់កៃដា Osama Bin Laden គឺ Hamza Bin Laden ត្រូវបានសម្លាប់ហើយនៅក្នុង ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ២០១៩។

សេចក្ដីរាយការណ៍ខាងលើត្រូវបានធ្វើឡើង នៅថ្ងៃពុធសប្ដាហ៍នេះ ដោយទូរទស្សន៍ NBC News និងកាសែត New York Times ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីស៊ើបការណ៍សំងាត់អាមេរិក ដែលខ្លួនទទួលបាន។ ប៉ុន្តែ ទីន្លែង និងពេលវេលាស្លាប់ពិតប្រាកដរបស់ Hamza មិនទាន់ត្រូវបាន បញ្ជាក់នោះទេ ហើយបើតាម New York Times មេដឹកនាំក្រុមអាល់កៃដាបន្តពីឪពុករូបនេះ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក ក្នុងរយៈពេល២ឆ្នាំចុងក្រោយ នេះ។

គួរបញ្ជាក់ថា នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនបានទទួលស្គាល់ ហើយក៏មិនបានបដិសេធចំពោះសេចក្ដីរាយការណ៍របស់ NBC News និងកាសែត New York Times ដែរ។

Hamza Bin Laden មានអាយុ៣០ឆ្នាំ ធ្លាប់បានចេញផ្សាយឃ្លីបសំឡេង និងវីដេអូជាបន្តបន្ទាប់ កាលពីប៉ុន្មានឆ្នាំមុន ដោយអំពាវនាវឱ្យក្រុមសកម្មប្រយុទ្ធរបស់ខ្លួនបើកការវាយប្រហារលើ សហរដ្ឋអាមេរិក ដើម្បីសងសឹកឱ្យឪពុករបស់ខ្លួន។ ក្រោយការប្រកាសនេះដែរ សហរដ្ឋអាមេរិក កាលពីខែកុម្ភៈ ឆ្នាំ២០១៩ បានប្រកាសផ្ដល់ប្រាក់រង្វាន់១លានដុល្លារសម្រាប់ព័ត៌មានទាំងឡាយ ណាដែលនាំទៅរកការចាប់ខ្លួន ឬសម្លាប់ Hamza៕