(វ៉ាស៊ីនតោន)៖ ក្រសួងរតនាគារជាតិអាមេរិក បានសម្រេចចិត្តដាក់ទណ្ឌកម្មប្រឆាំងនឹង រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif ហើយបានចាត់ទុកទណ្ឌកម្មនេះគឺជា សារព្រមានមួយផ្ញើជូនរបបដឹកនាំអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ២០១៩។

យោងតាមទណ្ឌកម្មខាងលើ ទ្រព្យសម្បត្តិរបស់លោក Zarif ដែលមាននៅក្នុងសហរដ្ឋអាមេរិក ឬត្រូវគ្រប់គ្រងដោយអង្គភាពអាមេរិកណាមួយ នឹងត្រួវបានបង្កក។ ប៉ុន្តែ លោក Zarif បានអះអាង ថាទណ្ឌកម្មនេះនឹងមិនធ្វើឱ្យប៉ះពាល់ដល់លោក និងក្រុមគ្រួសាររបស់លោកឡើយ ពីព្រោះលោក គ្មានទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិក ឬនៅប្រទេសដទៃទៀតក្រៅពីអ៊ីរ៉ង់នោះទេ។

គួរជម្រាបថា បើតាមក្រសួងរតនាគារជាតិអាមេរិក ការដាក់ទណ្ឌកម្មលើខាងលើគឺធ្វើឡើង ដោយសារតែលោក Mohammad Javad Zarif ដឹកនាំបន្តនូវគោលនយោបាយបង្កអស្ថេរភាព របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ព្រមទាំងប្រើប្រាស់បណ្ដាញទំនាក់ ទំនងសង្គមផ្សព្វផ្សាយព័ត៌មានមិនពិត ខណៈរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ កំពុងរឹតត្បិតលើសេរីភាព បញ្ចេញមតិរបស់ប្រជាជនខ្លួនឯង៕