(សេអ៊ូល)៖ រដ្ឋាភិបាលទីក្រុងសេអ៊ូល បានប្រកាសប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ នៅថ្ងៃពុធនេះថា ខ្លួននឹង ចាត់រាល់វិធានការឆ្លើយតបគ្រប់រូបភាពទាំងអស់ បើសិនជាជប៉ុននៅបន្តធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែអាក្រក់ឡើង តាមរយៈការដាក់កំហិតបន្ថែមលើការនាំចេញ។ នេះបើតាមការចេញផ្សាយដោយទីភា្នក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩។

ការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ខាងលើ ធ្វើឡើងកំឡុងប្រជុំសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃ ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង ដែលដឹកនាំដោយ លោក Chung Eui-yong ដែលជានាយក ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីកូរ៉េខាងត្បូង នាព្រឹកថ្ងៃពុធនេះ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសជប៉ុនបានដាក់ចេញនូវការដាក់កំហិត កាលពីដើមខែកក្កដាកន្លងទៅ លើការនាំចេញវត្ថុធាតុដើមចំនួន ០៣ប្រភេទ ដែលមានសារៈសំខាន់ បំផុត ក្នុងការផលិតបន្ទះឈីប និងអេក្រង់ទូរស័ព្ទ ដៃស្មាតហ្វូន ដល់ក្រុមហ៊ុនបច្ចេកវិទ្យា កូរ៉េខាងត្បូង។

ដោយឡែក បើតាមសារព័ត៌មានក្នុងស្រុកមួយរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូង គឺលោកស្រី Kang Kyung-wha គ្រោងនឹងជួបចរចាមួយទល់មួយជាមួយសមភាគីជប៉ុន លោក Taro Kono នាឱកាសចូលរួមវេទិកាតំបន់អាស៊ាន (ARF) នៅទីក្រុងបាងកកប្រទេសថៃ នៅចុងសប្តាហ៍នេះ៕