(ម៉ូស្គូ)៖ រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់ថា ក្រុមហ៊ុនផលិតយន្តហោះរុស្ស៊ី Sukhoi បានចាប់ផ្តើមដំណើរការផលិតជាទ្រង់ទ្រាយធំ នៃយន្តហោះចម្បាំងជំនាន់ចុងក្រោយបំផុតរបស់ខ្លួនគឺ Su-57។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩។

បើតាមរដ្ឋាភិបាលរុស្ស៊ី កិច្ចសន្យាមួយត្រូវបានចុះហត្ថលេខាកាលពីខែមុន រវាងក្រសួងការពារជាតិរុស្ស៊ី និងក្រុមហ៊ុន Sukhoi ដែលស្តីពីគម្រោងប្រគល់យន្តហោះចម្បាំង Su-57 ឲ្យទៅកងទ័ពអាកាសរុស្ស៊ី។ ឥឡូវក្រុមហ៊ុន Sukhoi បានចាប់ផ្តើមបំពេញ កាតព្វកិច្ចរបស់ខ្លួននៅក្រោមកិច្ចសន្យានោះហើយ។ បើតាមឯកសារថ្មីៗនេះពីក្រុមហ៊ុន Sukhoi ក្រុមហ៊ុនផលិតយន្តហោះនេះ នឹងត្រូវប្រគល់ Su-57 សរុបចំនួន ៧៦គ្រឿងឲ្យយោធារុស្ស៊ី ដែលប៉ុន្មានគ្រឿងដំបូងនឹងទៅដល់ដៃទ័ពអាកាសរុស្ស៊ី នៅមុនដំណាច់ឆ្នាំ២០១៩នេះ។

គួរជម្រាបថា យន្តហោះ Su-57 គឺជាយន្តហោះចម្បាំងជំនាន់ទី ៥ ដូចយន្តហោះចម្បាំង ដែលមានសមត្ថភាពបំបាំងកាយរបស់អាមេរិក F-22 និង F-35 ដែរ។ យន្តហោះចម្បាំង Su-57 ដែលកន្លងមកធ្លាប់មានឈ្មោះថា T-50 គឺជាយន្តហោះចម្បាំងបំបាំងកាយប្រភេទកៅអីមួយ និងមានម៉ាស៊ីនពីរ។ វាបានហោះឡើងលើមេឃជាលើកដំបូងកាលពីខែមករា ឆ្នាំ២០១០ និងបានឆ្លងកាត់ការធ្វើតេស្តហោះហើរលើកទីមួយ ដោយបំពាក់ម៉ាស៊ីនជំនាន់ថ្មី កាលពីខែធ្នូ ឆ្នាំ២០១៧។ យន្តហោះចម្បាំងនេះ ក៏ត្រូវបានធ្វើតេស្តសមត្ថភាពនៅប្រទេសរុស្ស៊ីផងដែរ៕