(កូឡុំបូ)៖ រដ្ឋាភិបាលស្រីលង្កាបានឲ្យដឹងនៅថ្ងៃពុធនេះថា ក្នុងពេលដ៏ខ្លីខាងមុខខ្លួននឹងផ្តល់ជូនអ្នកដំណើរ​មកពីបណ្តាប្រទេសជិត ៥០ នូវទិដ្ឋាការសម្រាប់គោលដៅទេសចរណ៍ដោយឥតគិតថ្លៃ និងពុំចាំបាច់មានការសុំទុកជាមុនឡើយ គឺអាចសុំនៅពេលដែលពួកគេមកដល់ប្រទេសស្រីលង្កាតែម្តង។ នេះបើយោងតាមការចុះផ្សាយដោយ​សារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩។

សេចក្តីប្រកាសនេះត្រូវបានគេមើលឃើញថា ធ្វើឡើងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ ឲ្យមកទស្សនាប្រទេសស្រីលង្កាឡើងវិញ ក្រោយពេលដែលចំនួនអ្នកទេសចរ មកកាន់ប្រទេសដីកោះមួយនេះបានធ្លាក់ចុះយ៉ាងគំហុក ចាប់តាំងពីមានអំពើភេរវកម្មបំផ្ទុះគ្រាប់បែក យ៉ាងកក្រើកនាឱកាសពិធីបុណ្យ Easter កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ ដែលបានសម្លាប់ជីវិតមនុស្សជាង ២៥០នាក់ ដោយនៅក្នុងនោះមានជនជាតិបរទេស ៤២នាក់ផងដែរ។

ចំនួនភ្ញៀវទេសចរបរទេសនៅស្រីលង្កា កំឡុងខែឧសភាកន្លងទៅបានធ្លាក់ចុះប្រមាណ ៧០% ដែលជាកម្រិតទាបបំផុត បើចាប់តាំងពីសង្គ្រាមស៊ីវិលត្រូវបានបញ្ចប់ កាលពីមួយទសវត្សរ៍មុន។ នេះបើយោងតាម មន្ត្រីក្រសួងអភិវឌ្ឍន៍ទេសចរណ៍ស្រីលង្កា។

តាមរយៈឯកសាររដ្ឋាភិបាល ដែលបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) បានបង្ហាញថា គណៈរដ្ឋមន្រ្តីស្រីលង្កាបានយល់ព្រមលុបចោលទិដ្ឋាការទេសចរណ៍ ដែលជាធម្មតាមានតម្លៃ ២០-៤០ដុល្លារអាមេរិក ហើយត្រូវដាក់ពាក្យសុំតាមអ៊ិនធើណេត ឬនៅស្ថានទូត និងស្ថានកុងស៊ុលស្រីលង្កាជាដើម។ មន្ត្រីក្រសួងអភិវឌ្ឍន៍ទេសចរណ៍ស្រីលង្កា បានគូសបញ្ចាក់ប្រាប់ថា «ការផ្តល់ជូននេះនឹងមានរយៈពេល ០៦ខែ ហើយបន្ទាប់មករដ្ឋាភិបាលនឹងវាយតម្លៃ លើទំហំខាតបង់ប្រាក់ចំណូល​ពីកម្មវិធីផ្តល់ទិដ្ឋាការដោយឥតគិតថ្លៃនេះ។

បើតាមប្រភពដដែលបានឲ្យដឹងទៀតថា ប្រទេសដែលទទួលបានការផ្តល់ជូនទិដ្ឋាការ ដោយឥតគិតថ្លៃខាងលើមានសរុប ៤៨ ខណៈ សហរដ្ឋអាមេរិក អូស្រ្តាលី កូរ៉េខាងត្បូង កាណាដា សិង្ហបុរី នូវែលសេឡង់ ម៉ាឡេស៊ី ស្វីស ដាណឺម៉ាក ស៊ុយអែត ន័រវែស ហ្វាំងឡង់ អ៊ីស្លង់ រុស្ស៊ី អង់គ្លេស ចិន ឥណ្ឌា ថៃ និងប្រទេសកម្ពុជាក៏ស្ថិតក្នុងចំណោមនោះដែរ។

គួរជម្រាបថា វិស័យទេសចរណ៍គឺជាប្រភពចំណូលពីបរទេសធំជាងគេ និងរីកចម្រើនលឿនបំផុតលំដាប់ទីបីរបស់ស្រីលង្កា ដែលឈរនៅបន្ទាប់ពីការវិនិយោគក្រៅប្រទេស ឬពលករធ្វើការចំណាកស្រុក និងការនាំចេញផលិតផលវាយនភណ្ឌ-សម្លៀកបំពាក់ ដែលមានតម្លៃប្រមាណ ៤.៤ពាន់លានដុល្លារ ឬស្មើនឹង ៤.៩% នៃផលិតផលក្នុងស្រុកសរុប (GDP) កាលពីឆ្នាំ២០១៨ កន្លងទៅ៕