(វ៉ាស៊ីនតោន)៖ ទីក្រុងវ៉ាស៊ីនតោនប្រហែលជានឹង ប្រកាសផ្តល់ការលើកលែងបន្តទៀត សម្រាប់កម្មវិធីរោងចក្រថាមពលនុយក្លេអ៊ែរចំនួន 0៥របស់អ៊ីរ៉ង់ បើពុំដូច្នោះទេ អាមេរិកនឹងត្រូវដាក់ទណ្ឌកម្មលើរុស្ស៊ី ចិន ព្រមទាំងប្រទេសមួយចំនួននៅអឺរ៉ុប ជុំវិញកិច្ចសហប្រតិបត្តិការផ្នែកថាមពលនុយក្លេអ៊ែរ ជាមួយទីក្រុងតេហរ៉ង់ជាមិនខាន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអាមេរិក The Washington Post នៅរសៀលថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមប្រភពព័ត៌មានដែលកាសែត Washington Post ទទួលបាន បញ្ហាខាងលើត្រូវបានលើកយកមកពិភាក្សា កំឡុងជំនួបរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកលោក ស្ទេវិន ម៉ានូជីន (Steven Mnuchin) នៅសេតវិមានកាល ពីសប្តាហ៍មុន។ នាឱកាសនោះ លោក Mnuchin បានប្រាប់លោក ត្រាំ ថា ប្រសិនបើមិនសម្រេចបន្តការលើកលែងទណ្ឌកម្មជាថ្មីម្តងទៀតឲ្យ បាននៅត្រឹមថ្ងៃទី០១ ខែសីហាទេនោះ សហរដ្ឋអាមេរិកនឹងត្រូវតែដាក់ទណ្ឌកម្មលើក្រុមហ៊ុនរុស្ស៊ី ចិន និងអឺរ៉ុប ទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធ ក្នុងគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរនៅប្រទេសអ៊ីរ៉ង់។ គម្រោងទាំងនេះត្រូវបានបង្កើតឡើង ដោយស្ថិតក្នុងផ្នែកនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥។

បើតាមប្រភពដដែល ទោះជាយ៉ាងណាការសម្រេចចុងក្រោយ កំពុងស្ថិតក្រោមការពិចារណានៅឡើយ ហើយក្រសួងហិរញ្ញវត្ថុអាមេរិក ក៏កំពុងតែគិតគូរអំពីឥទ្ធិពល ដែលអាចកើតចេញពីការដាក់ទណ្ឌកម្មលើរុស្ស៊ី ចិន និងអឺរ៉ុបដែរ តែប្រកាន់ជំហរចង់ឲ្យបន្តការលើកលែង ដល់ក្រុមហ៊ុនពាក់ព័ន្ធរបស់ប្រទេសទាំងនេះ។ កាលពីខែឧសភាកន្លងទៅ ក្រសួងការបរទេសអាមេរិកបានសម្រេច បន្តផ្តល់ការលើកលែងទណ្ឌកម្មសម្រាប់រយៈពេល ៩០ថ្ងៃ ដើម្បីឲ្យការងារនៅរោងចក្រថាមពលនុយក្លេអ៊ែរចំនួន ៥ ក្នុងប្រទេសអ៊ីរ៉ង់ប្រព្រឹត្តទៅជាធម្មតា។

គួរជម្រាបថា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ លោក ត្រាំ បានប្រកាសដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ​លើប្រទេសអ៊ីរ៉ង់៕