(ម៉ូស្គូ)៖ រុស្ស៊ីនឹងលក់មីស៊ីលប្រភេទបាញ់ចេញពីផ្ទៃអាកាសសរុប ១,០០០គ្រាប់ឲ្យទៅឥណ្ឌា ដើម្បីបំពាក់នៅលើយន្តហោះចម្បាំង Su-30 MKI ដែលលជាផលិតផលរុស្ស៊ីដូចគ្នា។ នេះបើតាមសេចក្តីរាយការណ៍របស់ បណ្តាញសារព័ត៌មានរុស្ស៊ី និងឥណ្ឌាដកស្រង់ដោយស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩។

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA Novosti ក៏បានចេញផ្សាយផងដែរថា នាពេលកន្លងមកនេះ កិច្ចសន្យាខ្នាតធំមួយចំនួនពាក់ព័ន្ធនឹងការលក់មីស៊ីល សម្រាប់ធ្វើការបាញ់ចេញពីផ្ទៃអាកាសចំនួន ១,០០០គ្រាប់ទៅឲ្យប្រទេសឥណ្ឌាត្រូវបានចុះហត្ថលេខា។ ជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មានឥណ្ឌា ANI ក៏បានបញ្ជាក់ថែមទៀតថា ឥណ្ឌាបានចុះកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ដើម្បីទិញមីស៊ីលប្រភេទ R-27 យកមកបំពាក់លើយន្តហោះចម្បាំង Su-30 MKI ក្នុងតម្លៃប្រមាណ ២១៨លានដុល្លារអាមេរិក។

គួរជម្រាបថា មកទល់ពេលនេះរុស្ស៊ីបានផ្គត់ផ្គង់ឲ្យឥណ្ឌា នូវយន្តហោះចម្បាំងប្រភេទ Su-30 MKI ដែលដំឡើងរួចជាស្រេចសរុបជាង ២៧០គ្រឿង ហើយក៏បានផ្តល់ជាឈុតគ្រឿងបរិក្ខា សម្រាប់ដំឡើងនៅក្នុងប្រទេសឥណ្ឌាផ្ទាល់។ ការបន្តទិញសព្វាវុធពីប្រទេសរុស្ស៊ី រួមទាំងប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 កំពុងតែធ្វើឲ្យទីក្រុងញូដេលីប្រឈមមុខ​ការព្រមាន និងដាក់ទណ្ឌកម្មពីសំណាក់ទីក្រុងវ៉ាស៊ីនតោនផងដែរ៕