(ហុងកុង)៖ ក្រុមអ្នកតវ៉ាចំនួន ៤៤នាក់ ដែលត្រូវបានឃុំខ្លួននៅអំឡុងពេលប៉ះទង្គិចដោយហិង្សា កាលពីពេលថ្មីៗនេះនៅទីក្រុងហុងកុង បានរងការចោទប្រកាន់ពីបទធ្វើកុប្បកម្ម ដែលការចោទប្រកាន់នេះ អាចនាំឲ្យពួកគេត្រូវជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំឯណោះ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩។

បើតាមរដ្ឋាភិបាលទីក្រុងបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីល្ងាចថ្ងៃអង្គារថា ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នាដោយខុសច្បាប់ ហើយបានបិទផ្លូវជាច្រើនកន្លែង នៅតាមបណ្តោយផ្លូវខុនណសត៍ (Connaught Road West) និងផ្លូវឌែសវ៉កស៍ (Des Voeux Road West) កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ បន្ទាប់ពីក្រុមអ្នកតវ៉ាបានព្រងើយកន្តើយ ចំពោះការព្រមានម្តងហើយម្តងទៀត ឲ្យពួកគេចាកចេញពីតាមដងផ្លូវនោះ ប៉ូលិសក៏បានចាត់វិធានការដោយចាប់បានមនុស្សចំនួន ៤៤នាក់មានអាយុចន្លោះពី១៦ឆ្នាំ ដល់ ៤១ឆ្នាំ។

គួរជម្រាបថា បាតុកម្មតវ៉ានេះដឹកនាំដោយក្រុមបាតុករ ប្រឆាំងរដ្ឋាភិបាលទីក្រុងហុងកុង និងគាំទ្រលិទ្ធិប្រជាធិបតេយ្យ ដែលប្រឆាំងជំទាស់នឹងច្បាប់ធ្វើបត្យាប័នជនសង្ស័យ ទៅកាន់ចិនដីគោក ក៏ដូចជាទាមទារឲ្យនាយកប្រតិបត្តិក្រុងហុងកុង (អភិបាលក្រុង) លោកស្រី ខារី ឡាំ (Carrie Lam) ចុះចេញពីតំណែង។ ជុំវិញបញ្ហានេះទីក្រុងប៉េកាំង បានសេចក្តីថ្លែងការណ៍មួយផងដែរកាលពីសប្តាហ៍មុន ដោយព្រមានឲ្យអាមេរិកដកបាតដៃខ្មៅ របស់ខ្លួនចេញជាបន្ទាន់ពីទីក្រុងស្វយ័តចិនមួយនេះ៕