(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល បាលិស្ទីកចំនួន២គ្រាប់នៅព្រឹកថ្ងៃពុធនេះ តែជាងមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីបានធ្វើ តេស្ដមីស៊ីលរយៈចំងាយខ្លីចំនួន២គ្រាប់ដូចគ្នានេះដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមយោធាកូរ៉េខាងត្បូង ការធ្វើតេស្ដមីស៊ីលនៅថ្ងៃពុធនេះ ត្រូវបានធ្វើឡើងចេញ ពីតំបន់តែមួយដែលទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលកាលពីសប្ដាហ៍មុន។ ពោលគឺមីស៊ីលទាំងពីរគ្រាប់នេះ ត្រូវបានបាញ់ចេញពីទីក្រុង Wonsan ដោយវាហោះ បានចំងាយចន្លោះពី២៤០ និង៣៣០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រជប៉ុន។

គួរជម្រាបថា សហរដ្ឋអាមេរិកបានទទួលដំណឹងពីការធ្វើតេស្ដមីស៊ីលជាថ្មីរបស់ កូរ៉េខាងជើងនេះហើយ ប៉ុនែ្តមីស៊ីលរយៈចំងាយខ្លីនេះ ត្រូវបានលោក ដូណាល់ ត្រាំ អះអាងថាមិនមែនជាសកម្មភាពបង្ករឿងនោះទេ៕