(ប៊ែរឡាំង)៖ សហរដ្ឋអាមេរិក បានស្នើជាផ្លូវការឱ្យអាល្លឺម៉ង់ អង់គ្លេស និងបារាំង ចូលរួម នៅក្នុងបេសកកម្មយោធាមួយរបស់ខ្លួន នៅតំបន់ឈូងសមុទ្រពែក ដើម្បីទប់ទប់នឹង សកម្មភាពឈ្លានពានពីសំណាក់អ៊ីរ៉ង់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ ដកស្រង់ ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមសារព័ត៌មានអាល្លឺម៉ង់ Zeit សំណើខាងលើធ្វើឡើងដោយអ្នកនាំពាក្យ ស្ថានទូតអាមេរិកមម្នាក់ប្រចាំទីក្រុងប៊ែរឡាំង នៅថ្ងៃអង្គារនេះ។ អ្នកនាំពាក្យរូបនេះ ដដែលបានបញ្ជាក់ដូច្នេះថា៖ «យើងបានស្នើជាផ្លូវការឱ្យអាល្លឺម៉ង់ រួមទាំងអង់គ្លេស និងបារាំង ចូលរួមនៅក្នុងបេសកកម្មយោធាប្រឆំាងនឹងសកម្មភាពឈ្លានពានរបស់អ៊ីរ៉ង់ នៅច្រកសមុទ្រ Hormuz»។

យ៉ាងណាក៏ដោយ ខាងបារំាង អង់គ្លេស និងអាល្លឺម៉ង់ មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយ ជុំវិញសេចក្ដីរាយការណ៍នេះ។ ប៉ុន្តែកាលពីសប្ដាហ៍មុន មន្ត្រីអាល្លឺម៉ង់ និងអង់គ្លេស បានអះអាងថាពួកគេមិនគាំទ្រ ចំពោះយុទ្ធសាស្ត្រដាក់សម្ពាធជាអតិបរាមារបស់ សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ នោះទេ៕