(តេហេរ៉ង់)៖ អតីតអភិបាលក្រុងតេហេរ៉ង់ លោក Mohammad Ali Najafi ត្រូវបាន ផ្តន្ទាទោសប្រហារជីវិត ហើយនៅថ្ងៃអង្គារនេះ បន្ទាប់ពីតុលាការរកឃើញថាលោកពិត ជាបានសម្លាប់ប្រពន្ធរបស់ខ្លួនឯង ប្រាកដមែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។

លោក Najafi ត្រូវបានតុលាការរកឃើញថាបានបាញ់សម្លាប់ប្រពន្ធទី២ខ្លួនឯង ឈ្មោះ Mitra Ostad នៅផ្ទះរបស់អ្នកទាំងពីរ ស្ថិតនៅក្នុងទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ សាកសព អ្នកស្រី Ostad ត្រូវគេប្រទះឃើញនៅក្នុងបន្ទប់ទឹក ក្រោយលោក Najafi មានអាយុ៦៧ឆ្នាំ ប្រគល់ខ្លួន និងសារភាពប្រាប់ប៉ូលិសថាលោកបានសម្លាប់ប្រពន្ធខ្លួនឯង។

គួរជម្រាបថា លោក Mohammad Ali Najafi បានជាប់ឆ្នោតជាអភិបាលក្រុងតេហេរ៉ង់ កាលពីខែសីហា ឆ្នាំ២០១៧។ ប៉ុន្តែលោកបានលាលែងចេញពីតំណែងនៅខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីទទួលរងការរិះគន់ ដោយសារតែការចូលរួមទស្សនាការសម្ដែងក្បាច់ របស់ក្រុមសិស្សសាលាស្រីមួយក្រុម៕