(ប៉េកាំង)៖ ឃាតកដៃឆៅម្នាក់ដែលបានសម្លាប់មនុស្ស ០៦នាក់ ព្រមទាំងរំលោភសេពសន្ធវៈលើស្រ្តី ១០នាក់ និងកុមារី ០២នាក់ថែមទៀតផងនោះ ទីបំផុតត្រូវ បានប្រហារជីវិតរួចហើយនាថ្ងៃអង្គារនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅល្ងាចអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។

ជនខាងលើមានឈ្មោះថា ចាវ ជីហុង (Zhao Zhihong) អាយុ ៤៧ឆ្នាំ ត្រូវបានផ្តន្ទាទោសប្រហារជីវិតនៅតំបន់ស្វយ័តម៉ុងហ្គោល នៃប្រទេសចិននៅឆ្នាំ២០១៥ សម្រាប់បទឧក្រិដ្ឋដ៏សាហាវឃោរឃៅ ដែលជននេះបានប្រព្រឹត្តនៅក្នុងតំបន់នោះ កាលពីចន្លោះឆ្នាំ១៩៩៦ និងឆ្នាំ២០០៥។ វីធីសាស្រ្តសម្លាប់មនុស្សរបស់ឃាតករូបនេះ ភាគច្រើនគឺតាមរយៈការប្រើដៃច្របាច់កជនរងគ្រោះ រហូតដល់ដាច់ខ្យល់តែម្តង។

គួរជម្រាបថា ជនឈ្មោះ Zhao ត្រូវបានអាជ្ញាធរចិនចាប់ខ្លួនកាលពីឆ្នាំ២០០៥ និងបានសារភាពទោសចំពោះបទល្មើសជាច្រើន ក្នុងនោះរួមមានទាំងករណីឃាតកម្មឆ្នាំ១៩៩៦ ដែលបានធ្វើឲ្យយុវជនម្នាក់ទៀតអាយុ ១៨ឆ្នាំ ឈ្មោះ ហាកជីលទូ (Hugjiltu) ត្រូវបានតុលាការសម្រេចទោសប្រហារជីវិតទាំងគ្មានកំហុស៕