(កាលីហ្វ័រញ៉ា)៖ ប៉ូលិសអាមេរិក បានឱ្យដឹងថា ក្នុងចំណោមជនរងគ្រោះចំនួន ០៣នាក់ដែល បានស្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារ នៅឯពិព័រណ៌ចំណីអាហារក្នុងទីក្រុង ជីឡរី (Gilory) នៃរដ្ឋកាលីហ្វរញ៉ា កាលពីចុងសប្ដាហ៍កន្លងទៅ មានក្មេងប្រុសអាយុ០៦ឆ្នាំម្នាក់ និងក្មេងស្រី អាយុ១៣ឆ្នាំម្នាក់។ នេះបើតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ ២០១៩។

យោងតាមប៉ូលិសអាមេរិក មនុស្ស១៩នាក់ ក៏បានរងរបួសផងដែរ និងកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យ។ ដោយឡែក ខ្មាន់កាំភ្លើងត្រូវបានប៉ូលីសបាញ់សម្លាប់ភ្លាមៗនៅកន្លែង កើតហេតុ។ ប្រភពដដែល បានបញ្ជាក់ទៀតថា កាំភ្លើងដែលជនសង្ស័យបានប្រើប្រាស់ក្នុងការបាញ់រះលើ ហ្វូងមនុស្សខាងលើ គឺជាកាំភ្លើងដែលសាមីខ្លួន បានទិញដោយស្របច្បាប់នៅរដ្ឋ Nevada នៅដើមខែនេះ។

គួរបញ្ជាក់ថា ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ថា មានឈ្មោះ Santino William Legan អាយុ ១៩ ឆ្នាំ។ ប៉ុន្តែ មូលហេតុនៃការបាញ់រះខាងលើនេះ គេនៅមិនទាន់ដឹងនៅឡើយទេ ខណៈការស៊ើបអង្កេត កំពុងតែដំណើរការយ៉ាងសកម្មពីសំណាក់ភ្នាក់ងារ FBI៕