(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានបំណងកាត់បន្ថយចំនួនកងទ័ព អាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ឱ្យបានមុនការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២០ ខាងមុខនេះ ចំពេលដែលកិច្ចចរចាបញ្ចប់ជម្លោះជាមួយក្រុមតាលីបង់កំពុងដំណើរការ។ នេះបើ តាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។

ការអះអាងពីការកាត់បន្ថយចំនួនកងទ័ពអាមេរិកខាងលើ ធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេស អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នាឱកាសចូលរួមវេទិកាមួយរបស់អង្គការ Economic Club ក្នុង ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទសប្ដាហ៍នេះ។ ជាមួយគ្នានោះដែរ នៅពេលត្រូវបានសាកសួរថាតើ លោក ដូណាល់ ត្រាំ អាចនឹងកាត់បន្ថយចំនួនកងទ័ពអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ឱ្យបានមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០ ដែរឬក៏យ៉ាងណា? លោក ប៉ុមប៉េអូ បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «វាគឺជាបទបញ្ជាដែលខ្ញុំទទួលបានពីលោក ប្រធានាធិបតីអាមេរិក»

គួរជម្រាបថា ការកាត់បន្ថយចំនួនកងទ័ព គឺជាយុទ្ធសាស្ត្រមួយសម្រាប់តំបន់អាស៊ីខាងត្បូង របស់លោក ដូណាល់ ត្រាំ ដែលត្រូវបានទម្លាយនៅខែសីហា ឆ្នាំ២០១៧ ជាមួយគោលដៅជំរុញ ក្រុមតាលីបង់ឱ្យត្រឡប់មករកតុចរចាជាមួយរដ្ឋាភិបាលទីក្រុងកាប៊ុល ដើម្បីស្វែងរក កិច្ចព្រមព្រៀងសន្តិភាពបញ្ចប់ជម្លោះដ៏រុំារ៉ៃ អស់រយៈពេលជិត១៨ឆ្នាំមកនេះ៕