(វ៉ាស៊ីនតោន)៖ រយៈពេលមួយខែបានកន្លងផុតទៅហើយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថានឹង អនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិក អាចបន្តលក់ផលិតផលមួយចំនួនឲ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Huawei ដែលជាប់ក្នុងបញ្ជីខ្មៅ ប៉ុន្តែមកទល់ពេលនេះ នៅតែមិនទាន់មានការបញ្ជាក់ច្បាស់នោះឡើយថា ផលិតផលណាខ្លះដែលក្រុមហ៊ុនអាមេរិកអាចរកស៊ី ជាមួយក្រុមហ៊ុន Huawei បានឲ្យប្រាកដ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ បានសន្យាបើកឲ្យមានការលក់ឡើងវិញនេះ ដើម្បីជាកាយវិការល្អមួយសម្រាប់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅពេលមេដឹកនាំទាំងពីរបានជួបគ្នាកាលពីខែមិថុនា ហើយបានព្រមព្រៀងគ្នាបន្តដំណើរការកិច្ចចរចាពាណិជ្ជកម្មជាថ្មី ដើម្បី ព្យាយាមដោះស្រាយសង្រ្គាមពាណិជ្ជកម្មដ៏តានតឹង។ កិច្ចចរចានោះ នឹងត្រូវធ្វើឡើងក្នុងសប្តាហ៍នេះ នៅទីក្រុងសៀងហៃ ។

គួរជម្រាបថា បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក បានសម្តែងការសាទរជាខ្លាំង ចំពោះសេចក្តីប្រកាសរបស់លោក ត្រាំ។ រដ្ឋបាល លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ការអនុញ្ញាតនេះគឺមានន័យថា រដ្ឋាភិបាលអាមេរិកនឹងចេញអាជ្ញាបណ្ណនាំចេញឲ្យក្រុមហ៊ុន អាមេរិក ក្នុងករណីផលិតផលដែលពួកគេប្រុងលក់ឲ្យ Huawei ពុំបង្កហានិភ័យដល់សន្តិសុខជាតិអាមេរិក។

ប៉ុន្តែមកទល់ពេលនេះហើយ ក្រសួងពាណិជ្ជកម្មអាមេរិក មិនទាន់បានឆ្លើយតបចំពោះសំណើសុំអាជ្ញាបណ្ណប្រមាណ៥០សំណើ ដែលក្រុមហ៊ុនអាមេរិកចំនួន ប្រហែល៣៥បានផ្ញើទៅនោះឡើយ។ ប្រការនេះកំពុងបង្កភាពស្រពិចស្រពិលដល់បណ្តាក្រុមហ៊ុន អាមេរិក ដែលជាអ្នកផ្គត់ផ្គង់ របស់ Huawei និងមន្ទិលសម្រាប់ទីក្រុងប៉េកាំងផ្ទាល់ ចំពោះពាក្យសន្យារបស់មេដឹកនាំ អាមេរិក។ កាលពីសប្តាហ៍មុន លោក ត្រាំ និងរដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក ក៏បានបើកកិច្ចប្រជុំមួយជាមួយតំណាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ របស់អាមេរិកដែរ ដើម្បីជជែកពាក់ព័ន្ធបញ្ហាក្រុមហ៊ុន Huawei នេះ ប៉ុន្តែហាក់ពុំមានលទ្ធផលគួរឲ្យកត់សម្គាល់អ្វីឡើយ៕