(ហុងកុង)៖ មនុស្សយ៉ាងហោចណាស់៤៩នាក់ ត្រូវបានចាប់ខ្លួន និង១៦នាក់រងរបួស ក្នុងបាតុកម្មតវ៉ាដ៏ហិង្សា កាលពីថ្ងៃអាទិត្យ។ នេះបើតាមប៉ូលិសហុងកុង ដកស្រង់ ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ប៉ូលិសក្រុងហុងកុង បានឱ្យដឹងថាជនសង្ស័យទាំង ៤៩នាក់ ត្រូវបានចាប់ខ្លួនក្រោមបទចោទ ប្រមូលផ្ដុំធ្វើបាតុកម្មដោយគ្មានច្បាប់អនុញ្ញាត និងកាន់កាប់អាវុធនៅពេលបាតុកម្ម។

គួរជម្រាបថា នៅក្នុងបាតុកម្មតវ៉ាកាលពីថ្ងៃអាទិត្យ ដែលជាបាតុកម្មសប្ដាហ៍ទី៨ជាប់ៗគ្នា ប៉ូលិសទីក្រុងហុងកុង បានសម្រេចចិត្តបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកហ្វូងបាតុករ ដែលព្យាយាមសម្រុកចូលក្នុងការិយាល័យតំណាងរបស់ រដ្ឋាភិបាលចិនក្នុងទីក្រុងហុងកុង។

បាតុកររាប់ពាន់នាក់ បាននាំគ្នាធ្វើបាតុកម្មតវ៉ាសាជាថ្មីនៅតាមដងផ្លូវក្បែរតំបន់ Sai Wan និងតំបន់ Causeway Bay។ បាតុកម្មតវ៉ានៅលើកនេះ មុនដំបូងឡើយធ្វើឡើង ដោយសន្តិវិធី ប៉ុន្តែ វាបានផ្ទុះទៅជាអំពើហិង្សា ក្រោយបាតុករមួយចំនួនព្យាយាមសម្រុក ចូល ក្នុងការិយាល័យតំណាងរបស់រដ្ឋាភិបាលចិន ក្នុងទីក្រុងហុងកុង។

បាតុកម្មតវ៉ានេះទៀតសោត ដឹកនាំដោយក្រុមបាតុករប្រឆាំង រដ្ឋាភិបាលទីក្រុងហុងកុង និងគាំទ្រលិទ្ធិប្រជាធិបតេយ្យ ដែលប្រឆាំងជំទាស់នឹងច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅ កាន់ចិនដីគោក ក៏ដូចជាទាមទារឱ្យនាយកប្រតិបត្តិក្រុងហុងកុង លោកស្រី Carrie Lam ចុះចេញពីតំណែង៕