(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កន្លងមកចក្រភពអង់គ្លេសមាននាវាចម្បាំងតែមួយគ្រឿងប៉ុណ្ណោះ ដែលធ្វើប្រតិបត្តិការនៅតំបន់ឈូងសមុទ្រពែក ប៉ុន្តែនាពេលនេះនាវាចម្បាំងមួយគ្រឿងទៀត ត្រូវបានបញ្ជូនទៅដល់តំបន់នោះ ក្រោយកប៉ាល់ដឹកប្រេងអង់គ្លេស មួយគ្រឿង ត្រូវបានអាជ្ញាធរអ៊ីរ៉ង់ចាប់ឃាត់ទុកជាងមួយសប្តាហ៍មកហើយ៕

២៖ ទីភ្នាក់ងារសុវត្ថិភាពសមុទ្រចិនបានឱ្យដឹងនៅថ្ងៃចន្ទនេះថា យោធាចិននឹងដឹកនាំការធ្វើសមយុទ្ធយោធាមួយ នៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់ នៅក្នុងសប្ដាហ៍នេះតែម្តង ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានការព្រមានថា នឹងប្រើប្រាស់កម្លាំងយោធាវាយយកដែនកោះមួយនេះ នៅក្នុងករណីចាំបាច់៕

៣៖ មានសេចក្តីរាយការណ៍ព័ត៌មានក្នុងប្រទេសឥណ្ឌាថា ទីក្រុងញូដេលីកំពុងតែអង្គុយគិតឡើងវិញអំពីការទិញ យន្តហោះដ្រូន ៣០គ្រឿងពីសហរដ្ឋអាមេរិកក្នុងតម្លៃសរុប ០៦ពាន់លានដុល្លារក្រោយយន្តហោះដ្រូន ដ៏ទំនើបប្រភេទនេះរបស់អាមេរិក ត្រូវបានអ៊ីរ៉ង់បាញ់ទម្លាក់ចោល នៅតំបន់ឈូងសមុទ្រពែកកាលពីខែមុន៕

៤៖ ប្អូនប្រុសបង្កើតរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) បានបង្ហាញការគាំទ្រ ដ៏គួរឱ្យភ្ញាក់ផ្អើល ទៅដល់គណបក្សប្រឆាំងដែលនឹងទើបបង្កើតថ្មីមួយ ខណៈការបោះឆ្នោតសកល នឹងចូលមកដល់ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ៕

៥៖ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសលីប៊ីលោក ហ្គាស្សាន សាឡេម (Ghassan Salame) បានព្រមានអំពីការកើនឡើង នៃជម្លោះប្រដាប់អាវុធដ៏សាហាវ នៅក្នុងរដ្ឋធានីលីប៊ីរវាងកងទ័ពឧទ្ទាម ដែលមានមូលដ្ឋាននៅភាគខាងកើតនៃផ្ទៃប្រទេស និងកងទ័ពរដ្ឋាភិបាលដែលគាំទ្រដោយ អង្គការសហប្រជាជាតិនៅក្រុងទ្រីប៉ូលី៕

៦៖ បន្ទះថ្មបុរាណមួយដុំដែលមានអាយុកាលជាង ៤,៣០០ឆ្នាំ ត្រូវបានរកឃើញនៅខេត្ត ចេជាំង (Zhejiang) ភាគខាងកើតប្រទេសចិន៕