(ទ្រីប៉ូលី)៖ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសលីប៊ីលោក ហ្គាស្សាន សាឡេម (Ghassan Salame) បានព្រមានអំពីការកើនឡើង នៃជម្លោះប្រដាប់អាវុធដ៏សាហាវ នៅក្នុងរដ្ឋធានីលីប៊ីរវាងកងទ័ពឧទ្ទាម ដែលមានមូលដ្ឋាននៅភាគខាងកើតនៃផ្ទៃប្រទេស និងកងទ័ពរដ្ឋាភិបាលដែលគាំទ្រដោយ អង្គការសហប្រជាជាតិនៅក្រុងទ្រីប៉ូលី។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានស៊ីនហ៊ួ នារសៀលថ្ងៃច័ន្ទ ទី ២៩ ខែកក្កដា ឆ្នាំ ២០១៩។

តាមរយៈបេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិនៅលីប៊ី ដែលហៅកាត់ថា (UNSMIL) បានឲ្យដឹងថា «ពួកគេបានពិភាក្សាអំពីការវិវត្តចុងក្រោយនៅក្នុងប្រទេសលីប៊ី និងអំពីមធ្យោបាយដើម្បីវិលត្រឡប់ទៅរកស្ថានភាពសន្តិភាព និងកិច្ចពិភាក្សាឡើងវិញ»។
ក្រុមបេសកកម្មដដែលខាងលើបានបន្ថែមទៀតថា «លោក Salame បានព្រមានអំពីផលវិបាក នៃការកើនឡើងការប្រយុទ្ធ និងការជ្រៀតជ្រែកផ្ទៃក្នុងរបស់ប្រទេសលីប៊ី ពីសំណាក់បរទេសកាន់តែខ្លាំងឡើង»

គួរជម្រាបថា កងកម្លាំងក្រុមឧទ្ទាមបានដឹកនាំយុទ្ធនាការយោធា ចាប់តាំងពីដើមខែមេសា មកម្ល៉េះ ដើម្បីដណ្តើមកាន់កាប់រដ្ឋធានីទ្រីប៉ូលីពីរដ្ឋាភិបាលដែលគាំទ្រដោយ UN។

បើយោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយតែជម្លោះប្រដាប់វុធនៅលីប៊ី កើនឡើងរហូតដល់ជាង ១,០០០នាក់ និងរងរបួសជាង ៥,៧០០នាក់ និង ១២០,០០០នាក់ផ្សេងទៀតត្រូវបង្ខំឲ្យភៀសខ្លួន។

ប្រទេសលីប៊ីបានធ្លាក់ចូលក្នុងស្ថានភាពវឹកវរ និងអសន្តិសុខយ៉ាងខ្លាំងនៅទូទាំងផ្ទៃប្រទេស ចាប់តាំងពីរបបដឹកនាំរបស់ មួអាម៉ា ហ្គាដាហ្វី (Muammar Gaddafi) ត្រូវបានផ្តួលរំលំដោយប្រទេសលោកខាងលិច ដែលដឹកនាំដោយបណ្តាប្រទេសមួយចំនួននៅអឺរ៉ុប និងសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១១ មកម្ល៉េះ៕