(ស្រីលង្កា)៖ មកទល់ពេលនេះពាក្យចចាមអារ៉ាមដែលថា ស្រីលង្កាមានគម្រោងទទួលឲ្យសហរដ្ឋអាមេរិក បង្កើតមូលដ្ឋានទ័ពជាអចិន្រ្តៃយ៍នៅលើទឹកដីខ្លួននោះ នៅតែបន្តជាបញ្ហាយ៉ាងឈឺក្បាលសម្រាប់នាយករដ្ឋមន្រ្តីស្រីលង្កា លោក រ៉ានីល វីកក្រេមែស៊ីញ (Ranil Wickremesinghe) ដដែល ជាពិសេសគឺចាប់តាំងពីកាសែតក្នុងស្រុកមួយរបស់ស្រីលង្កាផ្ទាល់ បានចុះផ្សាយនូវឯកសារដែលបញ្ជាក់អះអាងថា ជាសេចក្តីព្រាងនៃកិច្ចព្រមព្រៀង Status of Forces Agreement (SOFA) រវាងទីក្រុងកូឡុំបូ និងទីក្រុងវ៉ាស៊ីនតោន។

កិច្ចព្រមព្រៀង SOFA គឺជាកិច្ចព្រមព្រៀងដែលកំណត់នូវលក្ខខណ្ឌផ្សេងៗ សម្រាប់កម្លាំងយោធាបរទេសធ្វើប្រតិបត្តិការ នៅក្នុងប្រទេសដែលជាម្ចាស់ផ្ទះ។ ទីក្រុងវ៉ាស៊ីនតោនមានកិច្ចព្រមព្រៀងបែបនេះ ជាមួយដៃគូរបស់ខ្លួនរួមមានជប៉ុន កូរ៉េខាងត្បូង និងអ៊ីរ៉ាក់ជាដើម ខណៈប្រទេសទាំងនោះសុទ្ធតែមានមូលដ្ឋានទ័ពរបស់អាមេរិក។

យ៉ាងណាមិញ ក្រោយការបញ្ចេញព័ត៌មានខាងលើកាលពីចុងខែមិថុនាកន្លងទៅ លោក Wickremesinghe ក៏បានបង្ខំចិត្តចេញមុខបញ្ជាក់ជាថ្មីម្តងទៀតថា ពុំមានផែនការសម្ងាត់ណាមួយដើម្បីអនុញ្ញាតឲ្យប្រទេសដទៃ មកបង្កើតមូលដ្ឋានយោធាអចិន្រ្តៃយ៍ នៅក្នុងទឹកដីស្រីលង្កា ឡើយ។ តែលោក Wickremesinghe បានសង្កត់ធ្ងន់ថា បច្ចុប្បន្នកំពុងមានកិច្ចពិភាក្សា ដើម្បីកែសម្រួលកិច្ចព្រមព្រៀង មួយបង្កើតឡើងកាលពីឆ្នាំ១៩៩៥ ជាមួយទីក្រុងវ៉ាស៊ីនតោន ដែលដើរតួនាទីស្រដៀងកិច្ចព្រមព្រៀង SOFA ដែរ គឺវាអនុញ្ញាតឲ្យយោធាអាមេរិក ស្ថិតនៅក្នុងប្រទេសស្រីលង្កាសម្រាប់ការធ្វើសមយុទ្ធ និងភារកិច្ចផ្លូវការមួយចំនួនទៀតប៉ុណ្ណោះ។

រីឯឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅស្រីលង្កា លោកស្រី អាឡេណា ធេប្ល៊ីត (Alaina B. Teplitz) ក៏បានបកស្រាយប្រាប់បណ្តាញសារព័ត៌មាន ក្នុងស្រុករបស់ស្រីលង្កាផងដែរថា ប្រទេសលោកស្រីពុំមានគម្រោងចង់បង្កើតមូលដ្ឋានទ័ព នៅក្នុងទឹកដីស្រីលង្កាឡើយ។ កាលពីសប្តាហ៍មុននេះ លោកស្រី Teplitz បានបង្ហើបថា ទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមចរចាកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ ខាងលើឲ្យក្លាយទៅជាកិច្ច ព្រមព្រៀង SOFA តែម្តង ជាមួយរដ្ឋាភិបាលស្រីលង្កាដើម្បីកែសម្រួលបញ្ហាខ្លះៗប៉ុណ្ណោះ។

លោកស្រីអគ្គរដ្ឋទូតអាមេរិកបានលើកហេតុផលថា នៅក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៩៥នោះ កាលពីកំឡុងគ្រោះមហន្តរាយទឹកជំនន់ឆ្នាំ២០១៧ នៅស្រីលង្កា សហរដ្ឋអាមេរិកបានឆ្លើយតប នឹងសំណើសុំការជួយពីទីក្រុងកូឡុំបូ តាមរយៈការបញ្ជូនជំនួយសង្រ្គោះទៅស្រីលង្កា ប៉ុន្តែយន្តហោះរបស់ខ្លួនត្រូវការការអនុញ្ញាត ពីរដ្ឋាភិបាលស្រីលង្កាសិន ទើបអាចចូលប្រទេសអាស៊ីខាងត្បូងនេះបាន ដែលវាគឺជាបែបបទសាំញ៉ាំកំឡុងពេលអាសន្ន។

មិនតែប៉ុណ្ណោះ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំស្រីលង្កា លោកស្រី ណេនស៊ី វ៉ានហន (Nancy VanHorn) ក៏ធ្លាប់បានគូសបញ្ជាក់ដែរថា កិច្ចព្រមព្រៀង SOFA នេះ គឺជារបៀបរបបស្តង់ដារវាងសហរដ្ឋអាមេរិក ហើយនិងបណ្តាប្រទេសជាដៃគូនៅលើពិភពលោក មិនមែនសម្រាប់តែ ជាមួយប្រទេសដែលមានមូលដ្ឋានទ័ពអាមេរិកប៉ុណ្ណោះទេ គឺជាមួយប្រទេសសរុបជាង ១០០ ឯណោះ ហើយអ្វីដែលសំខាន់គឺពុំមានការព្យាយាមចង់បង្កើតមូលដ្ឋានទ័ព អាមេរិកនៅស្រីលង្កាឡើយ។

បើតាមគណបក្សរបស់លោក Wickremesinghe មូលហេតុចម្បងដែលពាក្យចចាមអារ៉ាមខាងលើ នៅតែមិនបាត់ទៅណានោះ គឺដោយសារតែគូបដិបក្ខនយោបាយរបស់លោក ដែលនៅតែចចេសបំផុសបំផុលពាក្យចចាមអារ៉ាមនេះ ដោយយកវាធ្វើជាល្បែង នយោបាយ។ លោក Wickremesinghe ដែលមាននិន្នាការគាំទ្រលោកខាងលិច គឺមិនត្រូវគ្នាជាមួយលោក Maithripala Sirisena ដែលប្រធានាធិបតីស្រីលង្កាទេ។ កាលពីឆ្នាំមុន លោក Sirisena ថែមទាំងបានទម្លាក់លោក Wickremesinghe ពីមុខតំណែង នាយករដ្ឋមន្រ្តីទៀតផង តែត្រូវបង្ខំចិត្តតែងតាំងឡើងវិញ ក្រោយតុលាការមិនទទួលស្គាល់ទង្វើនោះ។

គួរជម្រាបថា បើតាមពាក្យចចាមអារ៉ាម ទីតាំងដែលអាមេរិកចង់បង្កើតមូលដ្ឋានទ័ព នៅស្រីលង្កាគឺទីក្រុងទ្រីនខូម៉ាលី (Trincomalee) ដែលស្ថិតតំបន់ភាគឦសានប្រទេសដីកោះនេះ៕

ប្រភព៖ South China Morning Post (ថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩)