(ប៉ារីស)៖ មនុស្សយ៉ាងតិច ០៣នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍បាញ់ប្រហារមួយ នៅភាគអាគ្នេយ៍ប្រទេសបារាំងនាវេលាយប់ថ្ងៃអាទិត្យ (ពេលវេលានៅបារាំង) ខណៈម្នាក់ទៀតបានទទួលរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩។

ករណីនេះបានកើតឡើងនៅក្បែរស្ថានីយប្រេងឥន្ធនៈមួយកន្លែង ក្នុងសង្កាត់ អូលលីយួឡេស (Ollioules) នៃតំបន់ វែរ (Var)។ បើតាមសាក្សីនៅកន្លែងកើតហេតុ ជនរងគ្រោះដែលបានបាត់បង់ជីវិតនោះ គឺមានពីរនាក់ជាបុរស និងម្នាក់ជាស្រ្តី។ ជាមួយគ្នានេះ ក៏មានមនុស្សម្នាក់ទៀតរងរបួសផងដែរ ដោយម្នាក់នោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការសង្រ្គោះបន្ទាន់។

គួរជម្រាបថា ខណៈប៉ូលិសបានចាប់ផ្តើមបើកការស៊ើបអង្កេតករណីខាងលើ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសបារាំងបានដាក់ការសង្ស័យថា គំនុំសងសឹកទំនងជាមូលហេតុ ដែលនៅពីក្រោយហេតុការណ៍បាញ់ប្រហារដ៏កម្រនេះ៕