(ហុងកុង)៖ ប៉ូលិសទីក្រុងហុងកុង បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ទៅលើហ្វូងបាតុករ ដែលព្យាយាមសម្រុកចូលក្នុងការិយាល័យតំណាងរបស់រដ្ឋាភិបាលចិន ក្នុងទីក្រុងហុងកុង កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩។

បាតុកររាប់ពាន់នាក់ បាននាំគ្នាធ្វើបាតុកម្មតវ៉ាសាជាថ្មីនៅតាមដងផ្លូវក្បែរតំបន់ Sai Wan និងតំបន់ Causeway Bay កាលពីថ្ងៃអាទិត្យកន្លងទៅ និងជាបាតុកម្មតវ៉ាពីរថ្ងៃជាប់ៗគ្នា ក្នុងសប្ដាហ៍មុន។ បាតុកម្មតវ៉ានៅលើកនេះ មុនដំបូងឡើយធ្វើឡើងដោយសន្តិវិធី ប៉ុន្តែ វាបានផ្ទុះទៅជាអំពើហិង្សា ក្រោយបាតុករមួយចំនួនព្យាយាមសម្រុកចូល ក្នុងការិយាល័យតំណាងរបស់រដ្ឋាភិបាលចិន ក្នុងទីក្រុងហុងកុង ជាហេតុបង្ខំឱ្យប៉ូលិស សម្រេចចិត្តប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់គ្រាប់កាំភ្លើងជ័រលើក្រុមបាតុករ។ យ៉ាងណាក៏ដោយ មិនទាន់មានការ បញ្ជាក់ពីអ្នករងរបួស ឬក៏ត្រូវបានចាប់ ខ្លួននៅឡើយទេ។

គួរជម្រាបថា បាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុង បានឈានចូលក្នុងសប្ដាហ៍ទី៨ជាប់គ្នា ហើយគិតត្រឹមថ្ងៃអាទិត្យ ម្សិលមិញ។ បាតុកម្មតវ៉ានេះ ដឹកនាំដោយក្រុមបាតុករប្រឆាំង រដ្ឋាភិបាលទីក្រុងហុងកុង និងគាំទ្រលិទ្ធិប្រជាធិបតេយ្យ ដែលប្រឆាំងជំទាស់នឹងច្បាប់ធ្វើ បត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក ក៏ដូចជាទាមទារឱ្យនាយកប្រតិបត្តិក្រុងហុងកុង លោកស្រី Carrie Lam ចុះចេញពីតំណែង៕