(ប៉ារីស)៖ អ្នកវិទ្យាសាស្ត្រនៅភាគនិរតីប្រទេសបារាំង បានរកឃើញឆ្អឹងភ្លៅដាយណូស័រដ៏ធំមួយ នៅទីកន្លែងរុករកដែលផ្ដល់របកគំហើញអំពីហ្វូស៊ីលជាច្រើន ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន BBC នាថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩។

ឆ្អឹងភ្លៅដាយណូស័រនោះមានប្រវ៉ែង ០២ម៉ែត្រ និងទំងន់កន្លះតោន បានរកឃើញនៅតំបន់ Angeac ដែលត្រូវបានគេជឿថា ជាហ្វូស៊ីលរបស់របស់ពពួកដាយណូស័រ sauropod ដែលជាប្រភេទដាយណូស័រស៊ីរុក្ខជាតិជាអាហារ មានកន្ទុយវែង និងកវែង ហើយជាប្រភេទសត្វ ដែលមានមាឌធំបំផុតមួយនៅលើផែនដីនៅយុគសម័យ Jurassic។

អ្នកជំនាញខាងឆ្អឹងសត្វបាននិយាយថា ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះស្ថានភាពឆ្អឹង ដែលអាចរក្សាទុកបានយូរឆ្នាំយ៉ាងនេះ ព្រោះប្រភេទដាយណូស័រនេះ បានរស់នៅលើភពផែនដីយើងនេះតាំងតែពី ១៤០លានឆ្នាំមុនមកម្ល៉េះ។

គួរជម្រាបថា តំបន់ Angeac ជាតំបន់រុករកឆ្អឹងដាយណូស័រដ៏ពិសេសមួយនៅអ៊ឺរ៉ុប។ ហើយមានឆ្អឹងប្រមាណជា ៧,៥០០បំណែកនៃប្រភេទដាយណូស័រ ៤៥ប្រភេទផ្សេងៗគ្នា ត្រូវគេបានរកឃើញនៅតំបន់នោះ។ នេះបើរាប់ចាប់តាំងពីក្រុមអ្នកវិទ្យសាស្រ្តចាប់ផ្តើមជីករុករក កាលពីឆ្នាំ ២០១០៕