(ញូដេលី)៖ ក្រសួងការបរទេសឥណ្ឌាបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ក្រុមនាវិករបស់ខ្លួនសរុប ០៩នាក់ក្នុងចំណោម ១២នាក់ ដែលឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានឃាត់ខ្លួនកាលពីដើមខែនេះ ត្រូវបានដោះលែងវិញហើយ ប៉ុន្តែប្រទេសឥណ្ឌាបានអំពាវនាវឱ្យមានការដោះលែងសមាជិកនាវិក ០៣នាក់ផ្សេងទៀត ដែលនៅមិនទាន់ត្រូវបានដោះលែងផងដែរ។ នេះបើយោងតាមការចុះផ្សាយ​របស់សារព័ត៌មាន CNA នាល្ងាចថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩។

កាលពីថ្ងៃទី១៣ ខែកក្កដា កប៉ាល់ដឹកប្រេងឥណ្ឌាឈ្មោះ MT រីយ៉ាហ៍ (MT Riah) ត្រូវបានឆ្មាំសមុទ្រអ៊ីរ៉ង់ចាប់រឹបអូសយកនៅតំបន់ច្រកសមុទ្រហ័រមូស ក្រោមបទចោទប្រកាសន់ថា បានរំលោភលើដែនសមុទ្ររបស់អ៊ីរ៉ង់ ដោយនៅក្នុងនោះមាននាវិកឥណ្ឌាចំនួន ១២នាក់ផងដែរ។ ការរឹបអូសយកកប៉ាល់ដឹកប្រេងឥណ្ឌានេះ គឺកើតឡើងនៅចំពេលដែលភាពតានតឹងរវាងអ៊ីរ៉ង់ និងបណ្តាប្រទេសលោកខាងលិចកាន់តែខ្លាំងឡើង។

យ៉ាងណាមិញនៅថ្ងៃសៅរ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោក រ៉ាវីស កុមារ (Raveesh Kumar) បានបញ្ជាកយ៉ាងដូច្នេះថា «សមាជិកក្រុមនាវិក ០៩នាក់ត្រូវបានដោះលែង ហើយពួកគេនឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ក្នុងពេលឆាប់ៗខាងមុខនេះ»។ លោកក៏បានបន្ថែមទៀតដែរថា «បេសកកម្មរបស់យើងបន្ទាប់មកទៀត គឺស្នើដល់អាជ្ញាធរអ៊ីរ៉ង់ឲ្យដោះលែងនាវិករបស់យើង ដែលនៅសេសសល់ថែមទៀត»

គួរបញ្ជាក់ថា រហូតដល់ពេលនេះគេនៅមិនទាន់ដឹងមូលហេតុច្បាស់ថា តើហេតុអ្វីបានជានាវិក ០៣នាក់ផ្សេងទៀតនៅបន្តជាប់ឃុំទៀតនោះឡើយ៕