(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីននៅថ្ងៃសៅរ៍នេះ បានដឹកនាំការហ្វឹកហាត់សមថ្នាក់ជាតិមួយ ស្ដីពីវិធីសាស្ត្រការពារខ្លួន និងអន្តរាគមន៍ជួយសង្រ្គោះនានា នៅពេលមានគ្រោះរញ្ជួយដី កើតឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩។

ការហ្វឹកហាត់ថ្នាក់ជាតិខាងលើធ្វើឡើងនៅក្នុងទីក្រុងក្វេហ្សុន (Quezon) នៃកោះលូហ្សុន (Luzon) ភាគខាងជើងនៃប្រទេសហ្វីលីពីន និងបន្ទាប់ពីមានគ្រោះរញ្ជួយដីពីរលើកផ្ទួនៗគ្នា វាយប្រហារលើដែនកោះមួយនេះ នៅថ្ងៃដដែលតែម្តង។

គួរបញ្ជាក់តាមអាជ្ញាធរហ្វីលីពីនថា មនុស្សស្លាប់បានកើនដល់ ០៨នាក់ហើយ និង ៦០នាក់ទៀត រងរបួសក្នុងគ្រោះរញ្ជួយដីពីរលើកផ្ទួនៗគ្នា ដោយមួយមានកម្រិត ៥.៩រ៉ិចទ័រ និងមួយទៀត ៤.៥រ៉ិចទ័រ បានវាយប្រហារលើខេត្ត បាតាន់ស៍ (Batanes) នៃកោះ Luzon កាលពីព្រឹកថ្ងៃសៅរ៍នេះ។ គ្រោះរញ្ជួយដីនេះក៏បានបំផ្លាញផ្ទះសម្បែង និងអគារមួយចំនួនផងដែរ៕