(ស៊ីរី)៖ មន្ត្រីជាន់ខ្ពស់ UN ម្នាក់បានឱ្យដឹងថា មនុស្ស១០៣នាក់ ក្នុងនោះមានកុមារ២៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសជាច្រើន លើមន្ទីរពេទ្យ សាលារៀន និងទីផ្សារ នៅឯភាគពាយព្យប្រទេសស៊ីរី ក្នុងរយៈពេល១០ថ្ងៃមកនេះ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩។

ប្រធានសិទ្ធិមនុស្ស UN លោកស្រី Michelle Bachelet បានទម្លាក់ការទទួលខុសត្រូវនៃ ការវាយប្រហារដ៏អាក្រក់នេះ ដែលកើតឡើងនៅតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាមស៊ីរី ក្នុងខេត្ត Idlib ទៅលើកងកម្លាំងរដ្ឋាភិបាលលោកប្រធានាធិបតី បាស្សា អាល់អាសាដ និងរុស្ស៊ី។ ប៉ុន្តែទន្ទឹមគ្នា លោកស្រី ក៏បានរិះគន់យ៉ាងខ្លាំងចំពោះភាពអសកម្មរបស់មេដឹកនាំ មហាអំណាចពិភពលោកនានាផងដែរ ខណៈដូចទម្លាប់ចាស់ រដ្ឋាភិបាលស៊ីរី និងរុស្ស៊ី បានទាត់ចោលការចោទប្រកាន់របស់លោកស្រី។

គួរជម្រាបថា កាលពីសប្ដាហ៍មុន អង្គការសហប្រជាជាតិ បានអះអាងថាប្រជាជនស៊ីវិលស៊ីរី ច្រើនជាង៣៥០នាក់ ត្រូវបានសម្លាប់ និងជាង៣៣០,០០០នាក់ ត្រូវបានបង្ខំចិត្តភៀសខ្លួន ចេញពីផ្ទះសម្បែង ចាប់តាំងពីការវាយប្រយុទ្ធគ្នាផ្ទុះឡើងនៅក្នុងខេត្ត Idlib កាលពីថ្ងៃទី២៩ ខែមេសាមក៕