(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអ៊ូចា នៅថ្ងៃសុក្រ ទី២៦​ ខែកក្កដានេះ បានបដិសេធនូវការចោទប្រកាន់ដោយសមាជិកសភាមួយរូបដែលថា លោកបានរៀបចំគម្រោង អស់រយៈពេលជាយូរឆ្នាំទុកជាមុនដើម្បីធ្វើរដ្ឋប្រហារយោធា កាលពីឆ្នាំ២០១៤, នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ។

«ខ្ញុំបានធ្វើការសម្រេចចិត្តនៅថ្ងៃនោះ, ខ្ញុំមិនបានរៀបចំគម្រោងទុកជាមុននោះទេ», នេះជាសម្តីលោក ប្រាយុទ្ធ បានលើកឡើង នៅក្នុងកិច្ចប្រជុំរួមសមាជិកសភា និងសមាជិកព្រឹទ្ធសភា នៅថ្ងៃទី២នៃកិច្ចពិភាក្សា ស្តីពីគោលនយោបាយ នៃរដ្ឋាភិបាលថ្មីរបស់លោក។

ការលើកឡើងនេះ លោកសំដៅទៅការធ្វើរដ្ឋប្រហារយោធា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ជាថ្ងៃដែលលោកបានដឹកនាំយោធា កាន់កាប់អំណាចប្រទេស នៅពេលដែលលោកជាមេបញ្ជាការកងទ័ពជើងគោក។ ការធ្វើរដ្ឋប្រហារនេះបានធ្វើឡើង បន្ទាប់ពីមានកិច្ចប្រជុំមួយជាមួយនឹងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល, អ្នកនយោបាយបក្សប្រឆាំង និងក្រុមអ្នកតវ៉ាដែលក្នុងកិច្ចប្រជុំនោះ លោក ប្រាយុទ្ធ មិនអាចបញ្ចុះបញ្ចូលឲ្យពួកគេស្វែងរកដំណោះស្រាយ ចំពោះអំពើហិង្សាបង្ហូរឈាម នៅលើដងផ្លូវអស់រយៈពេលជាច្រើនខែនោះ។

មេដឹកនាំបក្ស Prachachat Party លោក Wan Muhammad Nor Matha បានធ្វើឲ្យមានការចាប់អារម្មណ៍មួយ នៅថ្ងៃព្រហស្បត្តិ៍ នៅពេលដែលលោក បានចុចសួរទៅកាន់លោកនាយករដ្ឋមន្ត្រី ឲ្យធ្វើការពន្យល់ពីហេតុផលនៃគម្រោងធ្វើរដ្ឋប្រហារយោធា ដែលបានរៀបចំអស់រយៈពេល៣ឆ្នាំ មុនពេលលោក បានបញ្ជាឲ្យកងទ័ព និងរថពាសដែក ចេញធ្វើរដ្ឋប្រហារនៅតាមដងផ្លូវ។ ដោយនៅគ្រានោះលោក Wan គឺជាសមាជិកគណបក្ស Pheu Thai Party។

មួយឆ្នាំក្រោយការធ្វើរដ្ឋប្រហារយោធា ពោលគឺនៅខែឧសភា ឆ្នាំ២០១៥, លោក ប្រាយុទ្ធ បានបដិសេធចំពោះការលើកឡើង របស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីនណាវ៉ាត្រា ដែលថាក្រុមប្រឹក្សាសម្ងាត់នៅពីក្រោយខ្នង នៃការធ្វើរដ្ឋប្រហារ ដោយលោក ប្រាយុទ្ធ បានបញ្ជាក់ថា ការសម្រេចចិត្តនោះ គឺលោកបានធ្វើដោយខ្លួនឯង៕