(ហុងកុង)៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei Technologies នាថ្ងៃសុក្រនេះ បានបញ្ចេញស្មាតហ្វូនទីមួយរបស់ខ្លួន ដែលអាចប្រើបច្ចេកវិទ្យាសេវាជំនាន់ថ្មី 5G បាន ហើយបានបញ្ជាក់ថា ក្នុងពេលឆាប់ៗក្រុមហ៊ុន នឹងបញ្ចេញស្មាតធីវីថែមទៀត ដែលនឹងជាផលិតផលដំបូងដើរលើប្រព័ន្ធប្រតិបត្តិការ Hongmeng ដែល Huawei បានអភិវឌ្ឍន៍ឡើងដោយផ្ទាល់ដៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩។

ស្មាតហ្វូន 5G នោះ គឺម៉ូដែល Mate 20 X 5G ដែលនៅក្នុងទីផ្សារចិន មានតម្លៃ៦,១៩៩យ័ន ឬស្មើនឹងជាង៩០០ដុល្លារ។ ក្នុងកម្មវិធីនាថ្ងៃសុក្រនេះ ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលក្នុងទីក្រុង Shenzhen ក្រុមហ៊ុន Huawei ក៏បានឲ្យដឹងដែរថា ក្រុមហ៊ុននឹងបង្ហាញខ្លួនផលិតផលដូចស្មាតធីវីហៅថា «ស្មាតស្រ្គីន (Smart Screen)» នៅខែក្រោយថែមទៀត។ អ្វីដែលពិសេសនោះ គឺវានឹងជាផលិតផលដំបូង ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Hongmeng របស់ Huawei ផ្ទាល់។

គួរជម្រាបថា ពីដំបូងឡើយ នៅចំពោះមុខការដាក់គំនាបពីរដ្ឋាភិបាលអាមេរិក មតិភាគច្រើនបានសង្ស័យថា Hongmeng OS អាចនឹងត្រូវក្រុមហ៊ុន Huawei ប្រើនៅលើស្មាតហ្វូនរបស់ខ្លួនជំនួសប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុនអាមេរិក Google។ ប៉ុន្តែកន្លងទៅក្នុងខែកក្កដានេះ ក្រុមហ៊ុន Huawei បានប្រកាសថា ក្រុមហ៊ុននៅតែមានបំណងបន្តប្រើប្រាស់ Android OS ដដែល ខណៈសហរដ្ឋអាមេរិកបានសម្រេចបន្ធូរបន្ថយការរឹតត្បិត ហើយម៉្យាងវិញទៀតនោះ Hongmeng OS មិនមែនសម្រាប់ប្រើលើស្មាតហ្វូនទេ៕