(សេអ៊ូល)៖ ឆ្នាំ២០១៨កន្លងទៅនេះ គឺជាឆ្នាំទី២ហើយដែលសេដ្ឋកិច្ចប្រទេសកូរ៉េខាងជើង បន្តដាំក្បាលចុះមិនធ្លាប់មានក្នុងរយៈពេល ២១ឆ្នាំចុងក្រោយនេះ ខណៈទណ្ឌកម្មដ៏ធ្ងន់ធ្ងររបស់ សហគមន៍របស់អន្តរជាតិ នៅតែបន្តសង្កត់លើទីក្រុងព្យុងយ៉ាងនៅឡើយ ដើម្បីបង្ខំឲ្យប្រទេសនេះ ព្រលែងចោលកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។ នេះបើតាមការរបាយការណ៍ពីធនាគារកណ្តាល នៃប្រទេសកូរ៉េខាងត្បូង ចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩។

របាយការណ៍ខាងលើនេះបានបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកូរ៉េខាងជើង បានធ្លាក់ចុះប្រមាណ ៤.១%បន្ថែមទៀតនៅក្នុងឆ្នាំ២០១៨ ខណៈកាលពីឆ្នាំ២០១៧ បានធ្លាក់ចុះប្រមាណ ៣.៥ភាគរយ។ បើគិតពីតួលេខនេះ វាជាការធ្លាក់ចុះមិនធ្លាប់មាននោះឡើយ គឺចាប់តាំងពីឆ្នាំ១៩៩៧ ហើយដែលលទ្ធផលអាក្រក់នេះ បានកើតមានឡើងដោយសារតែទណ្ឌកម្ម ទៅលើវិស័យសំខាន់ៗរបស់កូរ៉េខាងជើង ដោយសហគមន៍អន្តរជាតិនោះតែម្តង។

ប្រទេសកូរ៉េខាងជើងមិនដែលបង្ហាញស្ថិតិជាសាធារណៈ ចំពោះដំណើរការវិវឌ្ឍប្រចាំឆ្នាំ នៃសេដ្ឋកិច្ចរបស់ខ្លួននោះឡើយ ប៉ុន្តែខាងធនាគារជាតិរបស់កូរ៉េខាងត្បូងវិញ បានចាប់ផ្តើមធ្វើការតាមដានសេដ្ឋកិច្ចកូរ៉េខាងជើង យ៉ាងយកចិត្តទុកដាក់តាំងតែពីឆ្នាំ១៩៩១មកម្ល៉េះ តាមរយៈការប្រមូលទិន្នន័យពីគ្រប់ទិសទីដែលអាចទៅរួច និងយកពីទីភ្នាក់ងារពាណិជ្ជកម្មរបស់ខ្លួន ដែលមានសកម្មភាពជាមួយនឹងកូរ៉េខាងជើងផ្ទាល់។

របាយការណ៍ខាងលើនេះក៏បានបង្ហាញថែមទៀតថា វិស័យពាណិជ្ជកម្មរវាងកូរ៉េខាងជើង និងអន្តរជាតិបានធ្លាក់ចុះរហូតដល់ ៤៨.៤% នៅក្នុងឆ្នាំ២០១៨ ខណៈដែលទណ្ឌកម្មកាលពីចុងឆ្នាំ២០១៦ និងបន្តមកឆ្នាំ២០១៧ បានកាត់ផ្តាច់ការនាំចេញ របស់ប្រទេសកូរ៉េខាងជើងទៅកាន់បរទេសរហូតដល់ទៅជិត ៩០%។ ដោយឡែកទីផ្សារនាំ ចេញរ៉ែវិញគឺបានធ្លាក់ចុះ ១៧.៨% ខណៈវិស័យរុក្ខាប្រមាញ់ និងនេសាទវិញ បានធ្លាក់ចុះប្រមាណ ១.៨% ព្រោះតែគ្រោះរាំងស្ងួតកាលពីឆ្នាំ២០១៨។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះចំនួនប្រជាជនកូរ៉េខាងជើងមានសរុប ២៥.១៣លាននាក់ ហើយប្រាក់ចំណូលក្នុងម្នាក់ៗជាមធ្យមបានត្រឹមតែ ១,២៩៨ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយឆ្នាំ។ ទោះបីជាកូរ៉េខាងជើងបានចរចាជាមួយអាមេរិក និងកូរ៉េខាងត្បូងតាំងតែពីឆ្នាំ២០១៨ មកក៏ដោយក្តី ប៉ុន្តែគ្មានទណ្ឌកម្មធំៗណាមួយត្រូវបានរំដោះចេញពីកូរ៉េខាងជើងនៅឡើយទេ ដោយសារតែភាគីអាមេរិក ទាមទារឲ្យកូរ៉េខាងជើងបង្ហាញភាពស្មោះត្រង់ ក្នុងការរំសាយអាវុធចោលយ៉ាងពិតប្រាកដសិន ប៉ុន្តែកូរ៉េខាងជើងក៏បានទាមទារឲ្យ ដកទណ្ឌកម្មចេញមុនសិនផងដែរ ជាថ្នូរនឹងការរំសាយអាវុធប្រល័យលោកដែលខ្លួនមាននោះ៕