(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានអំពាវនាវឱ្យតួកគី កុំដាក់ដំណើរការប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-400 ខណៈសភាអាមេរិកកំពុង ជំរុញឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងរដ្ឋាភិបាលទីក្រុងអង់ការ៉ា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Spuntik នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩។

លោក ប៉ុមប៉េអូ ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ និងបន្ទាប់ពីរុស្ស៊ីបានបញ្ចប់ការដឹកជញ្ជូន S-400 ក្នុងដំណាក់កាលដំបូងឱ្យតួកគី។ លោក ប៉ុមប៉េអូ បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ទណ្ឌកម្មជាច្រើននឹងត្រូវបានអនុវត្ត ប៉ុន្តែតាមពិតទៅអ្វីដែលយើងចង់បាន នោះគឺចង់ឱ្យតួកគីកុំដំណើរការប្រព័ន្ធមីស៊ីលរុស្ស៊ី»

គួរបញ្ជាក់ថា បើតាមប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ ទីក្រុងអង់ការ៉ានឹងដំណើរការ ប្រព័ន្ធមីស៊ីល S-400 ទាំងស្រុងនៅខែមេសា ឆ្នាំ២០២០។ ដោយឡែកចំណាត់ការដំបូង ដែលអាមេរិកបានដាក់ទៅលើតួកគីនោះ គឺការរៀបចំដកតួកគីចេញពីកម្មវិធីអភិវឌ្ឍន៍ យន្តហោះចម្បាំង-បំបាំងកាយ F-35 ដែលនេះមានន័យថា តួកគីមិនអាចទិញ ឬចូលរួម ជាមួយប្រទេសផ្សេងៗទៀត នៅក្នុងកម្មវិធីដឹកនាំដោយអាមេរិកនេះឡើយ៕