(សិង្ហបុរី)៖ ពលរដ្ឋសិង្ហបុរីពីរនាក់ ត្រូវបានឃុំខ្លួនក្រោមច្បាប់សន្តិសុខផ្ទៃក្នុង (ISA) សម្រាប់ ការប៉ុនប៉ងធ្វើដំណើរទៅចូលរួមជាមួយក្រុមសកម្មប្រយុទ្ធ ISIS នៅក្នុងប្រទេសស៊ីរី។ នេះបើតាមក្រសួងមហាផ្ទៃសិង្ហបុរី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងមហាផ្ទៃសិង្ហបុរី បានឱ្យដឹងទៀតថា ករណីទាំង២ មានជាប់ពាក់ព័ន្ធនឹងបុរសអាយុ៣៦ឆ្នាំម្នាក់ ឈ្មោះ Kuthubdeen Haja Najumudeen ត្រូវបានចាប់ខ្លួនកាលពីខែឧសភាកន្លងទៅ និងម្នាក់ទៀតឈ្មោះ Suderman Samikin អាយុ៤៧ឆ្នាំ ដែលត្រូវបានចាប់ខ្លួននៅក្នុងខែកក្កដានេះតែម្តង។

ជនឈ្មោះ Haja គឺជាមនុស្សងប់នឹងមនោគមន៍វិជ្ជារបស់បុគ្គលម្នាក់ឈ្មោះ Hashim Zahran ដែលត្រូវបានបញ្ជាក់អត្តសញ្ញាណដោយអាជ្ញាធរស្រីលង្កាថាជាមេគំនិតនិងជាអត្តឃាតជនម្នាក់ ក្នុងចំណោមអត្តឃាតជន នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតផ្ដាច់ជីវិត មនុស្សច្រើនជាង២៥០នាក់ កាលពីថ្ងៃទី២១ ខែមេសា កន្លងទៅ។

គួរជម្រាបថា ចាប់តាំងពីឆ្នាំ២០១១ ឈ្មោះ Kuthubdeen Haja Najumudeen បានផ្ដើមស្ដាប់ការអប់រំរបស់ Zahran តាមរយៈប្រព័ន្ធអ៊ីនធើណែត ហើយបានទាក់ទងជាមួយជននេះជាទៀងទាត់។ លើសពីនេះទៅទៀត Haja ក៏ធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសស្រីលង្កាចំនួន៣ លើកផងដែរ នៅចន្លោះខែឧសភា ឆ្នាំ២០១៥ និងខែតុលា ឆ្នាំ២០១៦ ដើម្បីជួបជនឈ្មោះ Zahran និងផ្ដល់លុយកាក់ដល់ក្រុម National Thowheed Jamaath។

រីឯបុគ្គលទីពីរគឺ Suderman Samikin បានចាប់ផ្តើមទន់ទោរទៅរកមនោគមន៍វិជ្ជាជ្រុលនិយម និងពោរពេញដោយហិង្សារបស់ ពួក ISIS ចាប់តាំងពីឆ្នាំ២០១៣មក នៅពេលខ្លួនស្វែងរកព័ត៌មានទាក់ទងនឹងវិបត្តិសង្រ្គាមនៅស៊ីរី តាមអនឡាញ៕