(ញូវដេលី)៖ អាជ្ញាធរឥណ្ឌាបានឲ្យដឹងថា លោកស្រី ណាលីនី ស្រ៊ីហារ៉ាណ (Nalini Sriharan) ដែលជាទណ្ឌិតម្នាក់ក្នុងករណីឃាតកម្ម លើអតីតនាយករដ្ឋមន្ត្រីឥណ្ឌាលោក រ៉ាហ៊ីវ ហ្គាន់ឌី (Rajiv Gandhi) ត្រូវបានគេដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន សម្រាប់រយៈពេល ៣០ថ្ងៃនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីទៅចូលរួមពិធីមង្គលការកូនស្រីរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហ៊ួ ចុះផ្សាយនាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ។

តាមរយៈមន្ត្រីជាន់ខ្ពស់ឥណ្ឌាម្នាក់បាននិយាយថា «តុលាការជាន់ខ្ពស់ឥណ្ឌាម៉ាត្រាស់ (Madras) បានផ្តល់ការអនុញ្ញាតឲ្យទណ្ឌិត Sriharan នៅក្រៅឃុំកាលពីដើមខែនេះ។ ក្នុងកំឡុងពេលនៃការដោះលែងឲ្យនៅក្រៅឃុំនេះ រូបគេនឹងស្នាក់នៅភូមិ វែលឡ័រ (Vellore) ដោយគេមិនអនុញ្ញាតឲ្យជួប ឬនិយាយទៅកាន់អ្នកសារព័ត៌មាន ឬក៏អ្នកនយោបាយឡើយ។ ដោយឡែកកូនស្រីរបស់គាត់ ដែលកំពុងរៀនពេទ្យនៅប្រទេសអង់គ្លេសត្រូវបានគេរំពឹងថា នឹងត្រលប់មកវិញនៅសប្តាហ៍ក្រោយ ដើម្បីរៀបអាពាហ៍ពិពាហ៍»

គួរជម្រាបថា លោកស្រី Nalini ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ១៩៩១ ពីបទធ្វើឃាតអតីតប្រធានាធិបតីឥណ្ឌា Rajiv Gandhi ហើយដើមឡើយលោកស្រីត្រូវបានតុលាការផ្តន្ទាទោសប្រហារជីវិត តែក្រោយមកប្រែមកជាប់ពន្ធនាគារអស់មួយជីវិតទៅវិញ។

ក្នុងរយៈពេល ២៨ឆ្នាំក្នុងគុកកន្លងមកនេះ នេះជាលើកទីមួយហើយដែលលោកស្រី Nalini ត្រូវបានគេដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន សម្រាប់រយៈពេលយូរយ៉ាងដូច្នេះ។ កាលពីឆ្នាំ ២០១៦កន្លងទៅ លោកស្រីក៏ត្រូវបានគេដោះលែងឲ្យនៅក្រៅឃុំសម្រាប់រយៈពេល ១២ម៉ោងដែរ ដើម្បីចូលរួមពិធីបុណ្យសពរបស់ឪពុករបស់លោកស្រី។

គួរជម្រាបផងដែរថា អតីតប្រធានាឥណ្ឌាលោក Rajiv Gandhi ត្រូវបានគេធ្វើឃាតនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ១៩៩១ ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោតមួយ នៅឯភាគខាងត្បូងទីក្រុងឆេណៃ ដោយក្រុមឧទ្ទាមខ្លារំដោះតាមិលអេឡេម ដែលហៅកាត់ថា (LTTE) ជាក្រុមទាមទាកាត់ផ្តាច់ទឹកដីសម្រាប់ក្រុមតាមីល៕