(បាងកក)៖ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមអាមេរិក Facebook បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា គណនីអ្នកប្រើប្រាស់ចំនួន ២៩៤ និងទំព័រសរុបចំនួន ១,៥០៩ទំព័រ ដែលមានប្រភពចេញពីប្រទេសរុស្ស៊ី អ៊ុយក្រែន ថៃ និងហុងឌូរ៉ាស់ ត្រូវបានលុបចេញពីបណ្តាញសង្គមយក្សនេះក្រោមហេតុផលថា ជាគណនីដែលមានឥរិយាបថមិនត្រឹមត្រូវ ឬល្មើសនឹងបទបញ្ជារបស់ Facebook។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ។

ក្រុមហ៊ុន Facebook បានគូសបញ្ជាក់ថា ការលុបចោលគណនីអ្នកប្រើប្រាស់ និងទំព័រទាំងនោះ គឺផ្អែកលើអាកប្បកិរិយារបស់ពួកគេ នៅក្នុងការផ្សព្វផ្សាយ និងប្រើប្រាស់តែម្តង។
ជុំវិញចំណាត់ការខាងលើនេះ លោក ណាថាញែល គ្លៃឈើ (Nathaniel Gleicher) ដែលជាប្រធានផ្នែកគោលនយោបាយនៃសន្តិសុខអ៊ីនធើណេត បានសរសេរអ៊ីមែលផ្ញើជូនទៅ សារព័ត៌មាន Reuters យ៉ាងដូច្នេះថា «នៅក្នុងករណីនីមួយៗ មនុស្សដែលនៅពីក្រោយសកម្មភាពនេះបានសហការគ្នាយ៉ាងល្អ ដោយបានប្រើគណនីក្លែងក្លាយ ដើម្បីក្លែងបន្លំថាជាខ្លួនរបស់ពួកគេ»

គួរជម្រាបថា ការបើកយុទ្ធនាការបង្ក្រាបលើគណនីបែបនេះ នៅទូទាំងពិភពលោករបស់ក្រុមហ៊ុន Facebook កើតឡើងនៅក្រោយពេលដែលការរិះគន់ ចេះតែធ្លាក់មកជាបន្តបន្ទាប់ពីសំណាក់សហគមន៍អន្តរជាតិ ស្តីពីភាពយឺតយ៉ាវក្នុងការបង្កើតឧបករណ៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពជ្រុលនិយម និងឃោសនាបោកប្រាស់នានា នៅលើបណ្តាញសង្គមហ្វេសប៊ុក៕