(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា មីស៊ីលមួយគ្រាប់ក្នុងចំណោមពីរគ្រាប់ ដែលកូរ៉េខាងជើងបានបាញ់សាកល្បងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ គឺជាប្រភេទមីស៊ីលស៊េរីថ្មី ចុងក្រោយបំផុតមិនធ្លាប់បានឃើញឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩។

កាលពីដំបូងឡើយយោធាកូរ៉េខាងត្បូងបានអះអាងថា ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បង មីស៊ីលរយៈចំងាយខ្លីចំនួន ០២គ្រាប់ ចេញទីក្រុងវ៉ុនសាន (Wonsan) នៃឆ្នេរភាគខាងកើតប្រទេស ដោយវាហោះបានចំងាយ ៤៣០គីឡូម៉ែត្រ មុនធ្លាក់ចូលសមុទ្រជប៉ុន។ ប៉ុន្តែបើតាមសេចក្ដីថ្លែងការណ៍ ដាច់ឡែកមួយផ្សេងទៀតរបស់យោធាកូរ៉េខាងត្បូង គ្រាប់មីស៊ីលទីពីរហោះបានចំងាយ ៦៩០គីឡូម៉ែត្រ ហើយជាប្រភេទមីស៊ីលស៊េរីថ្មីចុងក្រោយបំផុត ដែលគេមិនបានឃើញពីមុនមកឡើយ។

គួរបញ្ជាក់ថា នេះគឺជាការបាញ់សាកល្បងមីស៊ីលជាលើកដំបូង ចាប់តាំងពីលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ព្រមព្រៀងគ្នាបើកកិច្ចចរចានុយក្លេអ៊ែរឡើងវិញ កាលពីចុងខែមិថុនា កន្លងទៅ។ រីឯក្រុមអ្នកជំនាញយល់ថា ការធ្វើតេស្ដមីស៊ីលនេះទៀតសោត គឺជាការបង្ហាញការ ខឹងសម្បាររបស់ទីក្រុងព្យុងយ៉ាង ទៅនឹងគំរោងធ្វើសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនៅខែសីហាខាងមុខនេះ៕