(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំងមួយគ្រឿង ឱ្យទៅធ្វើដំណើរឆ្លងកាត់ តាមច្រកសមុទ្រតៃវ៉ាន់សាជាថ្មី បន្ទាប់ពីទីក្រុងប៉េកាំង ព្រមានពីលទ្ធភាពនៃការធ្វើសង្រ្គាម ក្នុងករណីទីក្រុងតៃប៉ិ ប្រកាសឯករាជ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩។

យោធាអាមេរិកនៅក្នុងសេចក្ដីថ្លែងការណ៍មួយ បានបញ្ជាក់ទៀតថា នាវាចម្បាំង USS Antietam បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃពុធសប្ដាហ៍នេះ។ សេចក្ដីថ្លែងការណ៍ដដែលបានឱ្យដឹងដូច្នេះថា៖ «នាវាចម្បាំងអាមេរិក បានធ្វើដំណើរឆ្លង កាត់ច្រកសមុទ្រតៃវ៉ាន់ ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តចំពោះសេរីភាព និងការបើកចំហរ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក...ហើយសហរដ្ឋអាមេរិកនឹងនៅតែបន្តធ្វើការហោះហើរ និងនាវាចរ ទៅកាន់គ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិអនុញ្ញាត»

គួរជម្រាបថា នេះមិនមែនជាលើកទីមួយ ហើយក៏នឹងមិនមែនជាលើកចុងក្រោយដែរ ដែល នាវាចម្បាំងអាមេរិកធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ បើទោះជាការធ្វើបែបនេះតែងតែ ធ្វើឱ្យចិនក្ដៅក្រហាយក៏ដោយ។ ជាក់ស្ដែង នៅថ្ងៃពុធសប្ដាហ៍នេះ ចិនបានព្រមានជាថ្មីថា ខ្លួននឹងប្រើប្រាស់កម្លាំងយោធាវាយយកកោះតៃវ៉ាន់ បើសិនជាទីក្រុងតៃប៉ិក ហ៊ានប្រកាស ឯករាជ្យ ឬកម្លាំងខាងក្រៅណាមួយ ដូចជាសហរដ្ឋអាមេរិក ចង់បំបែកតៃវ៉ាន់ ចេញពីចិនដីគោក៕