(វ៉ាស៊ីនតោន)៖ ក្រុមមន្រ្តីបក្សប្រជាធិបតេយ្យនៃគណៈកម្មាធិការទំនាក់ទំនងអន្តរជាតិរបស់ព្រឹទ្ធសភាអាមេរិក បានទទូចឲ្យលោក ដូណាល់ ត្រាំ ត្រូវតែដាក់ទណ្ឌកម្មបន្ថែមពីការបណ្តេញតួកគីចេញពីកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំង F-35 ដោយសារការទទួលយក ប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩។

ក្នុងសារលិខិតមួយផ្ញើទៅកាន់លោកប្រធានាធិបតីអាមេរិក ក្រុមមន្រ្តីបក្សប្រជាធិបតេយ្យ បានលើកឡើងថា «ការឆ្លើយតប យ៉ាងរឹងមាំមួយ ត្រូវតែធ្វើឡើងចំពោះទង្វើរបស់ប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ ដែលបានហុចដៃទទួលយក S-400 ពីរុស្ស៊ី ដោយញញើតការព្រមានរបស់អាមេរិកសូម្បីតែបន្តិច ព្រោះបើទីក្រុងវ៉ាស៊ីនតោនមិនធ្វើយ៉ាងដូច្នោះទេ គោលជំហររបស់អាមេរិកនៅក្នុងចំណោមអង្គការ NATO អាចនឹងត្រូវចុះខ្សោយ ហើយការខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ីក៏នឹងអាចបាត់បង់អានុភាពផងដែរ»

គួរជម្រាបថា នាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បានជួបជាមួយក្រុមសមាជិក ព្រឹទ្ធសភាមកពីបក្សសាធារណរដ្ឋ នៅឯសេតវិមាន ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការដាក់ទណ្ឌកម្មលើតួកគី តែក្រុមមន្រ្តីបក្ស ប្រជាធិបតេយ្យមិនត្រូវបានអញ្ជើញឲ្យចូលរួមឡើយ។

កាលពីសប្តាហ៍មុន លោក ត្រាំ បានប្រកាសថា រដ្ឋបាលលោកនឹងលែងលក់យន្តហោះចម្បាំង-បំបាំងកាយ F-35 ឲ្យតួកគីទៀត ហើយ ប៉ុន្តែលោកមិនបានប្រកាសដាក់ទណ្ឌកម្មលើទីក្រុងអង់ការ៉ា នៅក្រោមច្បាប់មួយរបស់អាមេរិកអនុម័តកាលពីឆ្នាំ២០១៧ ដែលចែងពីការដាក់ទណ្ឌកម្មលើប្រទេសទាំងឡាយណា ដែលទិញបរិក្ខាយោធាឬសព្វាវុធពីប្រទេសរុស្ស៊ីឡើយ៕