(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនបានដាក់ពាក្យតវ៉ាតាមផ្លូវទូត ដើម្បីសម្តែងការប្រឆាំងនឹងកូរ៉េខាងត្បូង រួមទាំងរុស្ស៊ី បន្ទាប់ពីយន្ដហោះចម្បំាងកូរ៉េខាងត្បូង បាញ់ព្រមានយន្ដហោះទម្លាក់ គ្រាប់បែករុស្ស៊ីអស់រាប់រយគ្រាប់នៅថ្ងៃអង្គារនេះ នៅក្នុងតំបន់ដែលជប៉ុនអះអាងអធិបតេយ្យភាព។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Kyodo នៅល្ងាចថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩។

ជុំវិញហេតុការណ៍នេះដែរ ខាងក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងថា យន្ដហោះទម្លាក់គ្រាប់បែករុស្ស៊ី ០២គ្រឿង និងយន្ដហោះទម្លាក់គ្រាប់បែកចិន ០២គ្រឿង បានហោះចូលក្នុងដែនអាកាសកូរ៉េខាងត្បូង KADIZ។ មិនតែប៉ុណ្ណោះ យន្ដហោះប្រកាសអាសន្នរុស្ស៊ីមួយគ្រឿងផ្សេងទៀត ក៏បានហោះចូលដែនអាកាសកូរ៉េខាងត្បូង ដល់ទៅពីរលើកផងដែរ នៅម៉ោង៩៖០០នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅសេអ៊ូល) ពីលើកោះ ដុកដូ (Dokdo កំពុងគ្រប់ដោយកូរ៉េខាងត្បូង) និងជប៉ុនហៅថា Takeshima ព្រមទាំងអះអាងកម្មសិទ្ធិលើកោះនេះដែរ។

គួរបញ្ជាក់ថា បើតាម Kyodo រដ្ឋាភិបាលជប៉ុនបានជំទាស់យ៉ាងខ្លាំង ទៅនឹងសកម្មភាពរបស់រុស្ស៊ី និងកូរ៉េខាងត្បូង ដោយបញ្ជាក់ច្បាស់តាមកំណត់ទូតរបស់ខ្លួនទៅកាន់ប្រទេសទាំងពីរថា «ជប៉ុនមិនអាចទទួលយកបានឡើយ នូវទង្វើរបៀបនេះនៅក្នុងទឹកដីជប៉ុន»។ តែទោះជាយ៉ាងនេះក្ដី រុស្ស៊ីបានច្រានចោលការចោទប្រកាន់របស់កូរ៉េខាងត្បូង ខណៈចិនចាត់ទុកថាតំបន់ KADIZ មិនមែនជាដែនអាកាសនៃទឹកដីណាមួយឡើយ ហើយថាប្រទេសទាំងអស់ អាចធ្វើសមកម្មភាពនៅទីនោះដោយសេរី៕