(អ៊ីតាលី)៖ បិតាស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei លោក រិន ចេងហ្វៃ (Ren Zhengfei) បានបញ្ជាក់ថា ក្រុមហ៊ុនលោកស្ម័គ្រចិត្តជានិច្ច ដើម្បីចុះកិច្ចព្រមព្រៀងជាមួយប្រទេសនានាស្តីពីការធានាថា នឹងគ្មានការលួចបង្កប់គ្រឿងសម្រាប់តាមដានសម្ងាត់ (backdoor) នៅក្នុងរាល់ ផលិតផលបច្ចេកវិទ្យារបស់ Huawei ឡើយជាពិសេសគឺឧបករណ៍ 5G នោះតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩។

លោក Ren បានលើកឡើងដូចខាងលើនេះ ក្នុងឱកាសផ្តល់កិច្ចសម្ភាសន៍ជាមួយ​សារព័ត៌មានអ៊ីតាលី អ៊ីលសូល ២៤ អ័រ (Il Sole 24 Ore) ដោយលោកបានគូសបញ្ជាក់ថា «យើងអាចចុះកិច្ចព្រមព្រៀងស្តីពីការធានាគ្មាន backdoor ជាមួយប្រទេសណាក៏បានដែរ »។ កាលពីខែមិថុនាកន្លងទៅ នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំនៅប្រទេសឥណ្ឌា ធ្លាប់បានបញ្ជាក់ថា Huawei រីករាយជានិច្ចក្នុងការចុះកិច្ចព្រមព្រៀងស្រដៀងគ្នានេះ ជាមួយរដ្ឋាភិបាលឥណ្ឌា ខណៈឥណ្ឌាបានប្រកាសថា នឹងដាក់ដំណើរការសាកល្បង បណ្តាញសេវា 5G ក្នុងពេលឆាប់ៗខាងមុខ។

គួរជម្រាបថា កិច្ចព្រមព្រៀងធានាគ្មាន backdoor នេះគឺក្រុមហ៊ុន Huawei អនុញ្ញាតឲ្យភាគីម្ខាងទៀត «ដាក់បម្រាមជាអចិន្ត្រៃយ៍មកលើខ្លួនតែម្តង» ប្រសិនបើ Huawei ធ្វើឲ្យមានការលេចធ្លាយផ្នែកប្រព័ន្ធសុវត្ថិភាព ឬមានការលួចតាមដានជាសម្ងាត់ណាមួយ ។ កត្តាដែលជំរុញឲ្យក្រុមហ៊ុនបច្ចេកវិទ្យាចិនសុខចិត្តធ្វើបែបនេះ គឺព្រោះតែការចោទប្រកាន់​ចង់បង្ខូចកេរ្តិ៍ឈ្មោះដោយអាមេរិក ដែលកន្លងមកតែងតែចោទថា ក្រុមហ៊ុន Huawei មានលួចបង្កប់គ្រឿងតាមដានសម្ងាត់ នៅក្នុងផលិតផលទូរគមនាគមន៍របស់ខ្លួន ដើម្បីជួយរដ្ឋាភិបាលចិនក្នុងការស៊ើបការណ៍សម្ងាត់លើប្រទេសដទៃ ដែលប្រើប្រាស់សម្ភារៈរបស់ Huawei បើទោះបីជា Huawei បានច្រានចោលការចោទប្រកាន់ជាដដែលៗ និងពុំមានភស្តុតាងជាក់ស្តែងណាមួយ ត្រូវបានរកឃើញក៏ដោយក្តី៕