(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងប្រើពេលតែមួយសប្ដាហ៍ ឬ ១០ថ្ងៃប៉ុណ្ណោះ ដើម្បីលុបអាហ្វហ្គានីស្ថានចេញពីភពផែនដី ប៉ុន្តែលោកមិនចង់ធ្វើដូច្នេះឡើយ ព្រោះវាអាចបណ្ដាលឱ្យប្រជាជនអាហ្វហ្គានីស្ថាន ១០លាននាក់ត្រូវបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ នៅមុនជំនួបជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៊ីរ៉ាម ខាន់ (Imran Khan) នៅឯសេតវិមាននៅថ្ងៃចន្ទសប្ដាហ៍នេះ។ លោក ត្រាំ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ខ្ញុំមានផែនការសម្រាប់អាហ្វហ្គានីស្ថាន ហើយបើខ្ញុំចង់ឈ្នះសង្រ្គាម អាហ្វហ្គានីស្ថាននឹងត្រូវលុបចេញពីភពផែនដីក្នុងរយៈពេលតែ ១០ថ្ងៃ ប៉ុណ្ណោះ... ប៉ុន្តែខ្ញុំមិនចង់ធ្វើដូច្នេះឡើយ ព្រោះវាអាចសម្លាប់ជីវិតមនុស្ស១០លាននាក់»

លើសពីនេះទៅទៀតលោក ត្រាំ ក៏បានរំលឹកឡើងវិញផងដែរ ចំពោះការបញ្ជាឱ្យយោធាអាមេរិក ទម្លាក់ម៉ែគ្រាប់បែក (Mother of all bombs) ជាលើកដំបូងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលបានសម្លាប់ក្រុមសកម្មប្រយុទ្ធ ISIS ប្រមាណ ៣៦នាក់កាលពីខែមេសា ឆ្នាំ២០១៧ ពោលគឺតែជាងបីខែប៉ុណ្ណោះ ក្រោយលោកឡើងកាន់អំណាចជាប្រធានាធិបតីអាមេរិក។

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក ដូណាល់ ត្រាំ កើតមានឡើង នៅចំពេលសហរដ្ឋអាមេរិក កំពុងចរចាស្វែងរកសន្តិភាពជាមួយក្រុមតាលីបង់ ដើម្បីបញ្ចប់សង្រ្គាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អស់រយៈពេលជិត២០ឆ្នាំមកនេះ ខណៈអាហ្វហ្គានីស្ថាននៅតែស្ថិតក្នុងភាពអសន្តិសុខរាល់ថ្ងៃ គិតចាប់តាំងពីសហរដ្ឋអាមេរិក ចូលលុកលុយប្រទេសនេះកាលពីឆ្នាំ២០០១ ដើម្បីតាមប្រមាញ់មេភេរវករអាល់កៃដា លោក អូសាម៉ា ប៊ិនឡាដិន និងក្រោយមកមេភេរវកររូបនេះ ត្រូវបានសម្លាប់ដោយកងវាយឆ្មក់ ពិសេសរបស់អាមេរិកនៅប៉ាគីស្ថាន ក្នុងកំឡុងឆ្នាំ២០១១៕