(សេអ៊ូល)៖ មេដឹកនាំកំពូលផុតលេខកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះធ្វើអធិការកិច្ច និងត្រួតពិនិត្យនាវុជទឹកដ៏ថ្មីសន្លាងមួយគ្រឿង បន្ទាប់ពីទីក្រុងព្យុងយ៉ាងព្រមានថា សមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅខែសីហា ខាងមុខនេះ អាចនឹងឱ្យប៉ះពាល់ជាអវិជ្ជមានដល់កិច្ចចរចានុយក្លេអ៊ែរ។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានបញ្ជាក់ទៀតថា នាវាមុជទឹកខាងលើនឹងត្រូវដាក់ពង្រាយ ទៅកាន់តំបន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន។ KCNA មិនបានបញ្ជាក់លម្អិតពី សមត្ថភាពរបស់នាវាមុជទឹកថ្មីនេះ ឬក៏តាំងដែលលោក គីម ចុះធ្វើអធិការកិច្ចនោះទេ។ ប៉ុន្តែការធ្វើអធិការកិច្ចនេះ បានកើតមានឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ ក្រោយទីក្រុងព្យុងយ៉ាងអះអាងថា សមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូង នៅខែសីហាខាងមុខនេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចការងារស្វែងរកកិច្ចចរចានុយក្លេអ៊ែរជាថ្មី ដែលលោក ត្រាំ និងលោក គីម បានព្រមព្រៀងគ្នាកាលពីថ្ងៃ៣០ ខែមិថុនាកន្លងទៅ នៅឯតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំងពីរ។

គួរបញ្ជាក់ថា បច្ចុប្បន្នកងទ័ពអាមេរិក ៣០,០០០នាក់ កំពុងឈរជើងនៅកូរ៉េខាងត្បូង ហើយជារឿយៗកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកតែងតែងដឹកនាំការធ្វើសមយុទ្ធយោធា បើទោះជាមិនធំដូចកាលពីពេលមុនក៏ដោយ តែកូរ៉េខាងជើងនៅតែអះអាងជានិច្ចថា ទោះបីសមយុទ្ធយោធានោះធំ ឬតូចក៏ដោយ ក៏វាអាចត្រូវបានចាត់ទុកជាសកម្មភាព ត្រៀមចូលឈ្លានពានកូរ៉េខាងជើង៕