(សេអ៊ូល)៖ យន្តហោះយោធារុស្ស៊ីមួយគ្រឿង បានហោះរំលោភចូលដែនអាកាសប្រទេសកូរ៉េខាងត្បូង នៅតំបន់សមុទ្រខាងកើត ដល់ទៅពីរលើកនាថ្ងៃអង្គារនេះ ដែលជាហេតុបង្ខំឲ្យទ័ពអាកាសកូរ៉េខាងត្បូង ចល័តយន្តហោះចម្បាំងរបស់ខ្លួនជាបន្ទាន់ និងបាញ់ព្រមានលើយន្តហោះរុស្ស៊ីថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងយុនហ៉ាប់ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩។

យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា យន្តហោះយោធារុស្ស៊ីគឺជាប្រភេទយន្តហោះទម្លាក់គ្រាប់បែក ហើយយន្តហោះនោះបានឆ្លងចូលមកក្នុងដែនអាកាស ពីលើដែនសមុទ្រខាងកើតក្បែរប្រជុំកោះ ដុកដូ (Dokdo) ដល់ទៅពីរដង ហើយមួយលើកៗមានរយៈពេលខ្ទង់ ៣នាទី។ សកម្មភាពរបស់រុស្ស៊ីបែបនេះត្រូវបានភាគីខាងត្បូងចាត់ទុកថា ជាការរំលោភលើសន្ធិសញ្ញាអន្តរជាតិ។

គួរជម្រាបថា ករណីខាងលើគឺជាលើកទីមួយហើយ ដែលយន្តហោះយោធារុស្ស៊ីត្រូវបានចោទប្រកាន់ថា បានបំពានចូលមកក្នុងដែនអាកាសកូរ៉េខាងត្បូង។ ដោយឡែកខាងរដ្ឋាភិបាលទីក្រុងម៉ូស្គូវិញ នៅមិនទាន់បញ្ចេញប្រតិកម្មណាមួយ ចំពោះការចោទប្រកាន់ពីសំណាក់កូរ៉េខាងត្បូងនោះឡើយ៕