(អ៊ីស្រាអែល)៖ រដ្ឋមន្ត្រីកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ អ៊ីស្រាអែល លោក Tzachi Hanegbi បាននិយាយថា បច្ចុប្បន្នមានតែអ៊ីស្រាអែលមួយគត់ ដែលហ៊ានសម្លាប់ជនជាតិ អ៊ីរ៉ង់ ខណៈភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា កំពុងឡើងកម្ដៅកាន់តែខ្លាំង។ នេះបើតាម ការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Middleeast Monitor នៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩។

លោក Tzachi Hanegbi ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ នៅក្នុងស្រុកមួយនៅថ្ងៃចន្ទសប្ដាហ៍នេះ។ លោក Hanegbi បានគូសបញ្ជាក់នាឱកាសនោះ ដូច្នេះថា៖ «ក្នុងរយៈពេលជាង២ឆ្នាំ រហូតមកទល់បច្ចុប្បន្ននេះ អ៊ីស្រាអែលគឺជាប្រទេស តែមួយគត់ នៅលើពិភពលោកដែលហ៊ានសម្លាប់ជនជាតិអ៊ីរ៉ង់ តាមរយៈការវាយប្រហារតាម ផ្លូវអាកាសលើមូលដ្ឋានអ៊ីរ៉ង់រាប់រយលើកនៅក្នុងប្រទេសស៊ីរី»

បន្ថែមពីលើនេះ នៅពេលនៅពេលត្រូវបានសាកសួរថាតើហេតុអ្វីបានជាអ៊ីរ៉ង់ មិនវាយប្រហារលើអ៊ីស្រាអែលវិញ លោក Hanegbi បានឆ្លើយថា អ៊ីរ៉ង់មិនមានសមត្ថភាព វាយប្រហារលើអ៊ីស្រាអែលឡើយ ហើយទីក្រុង តេហេរ៉ង់ក៏ដឹងយ៉ាងច្បាស់ដែរថា អ៊ីស្រាអែលជានរណា។

គួរជម្រាបថា អ៊ីស្រាអែល បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសជាច្រើនលើក លើមូលដ្ឋានកងកម្លាំងអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ដោយបានផ្ដាច់ជីវិតកងកម្លាំងអ៊ីរ៉ង់ មួយចំនួនផងដែរ។ ប៉ុន្តែ ក្រៅតែពីការព្រមាន អ៊ីរ៉ង់មិនបានធ្វើការតបយ៉ាងម៉ឺងម៉ាត់ណាមួយ លើអ៊ីស្រាអែលវិញនោះទេ៕