(ឡុងដ៍)៖ តាមរយៈមន្ត្រីការិយាល័យរបស់លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស ថេរ៉េសា ម៉ាយ (Theresa May) បានឲ្យដឹងថា លោកស្រីនឹងរៀបចំកិច្ចប្រជុំជាមួយ គណៈកម្មាធិការដោះស្រាយគ្រាអាសន្នរបស់ខ្លួន នៅថ្ងៃចន្ទ ទី២២ ខែកក្កដានេះ ដើម្បីពិគ្រោះអំពីចំណាត់ការឆ្លើយតប ទៅនឹងករណីរឹបអូសកប៉ាល់ដឹកប្រេង ដែលមានដោតទង់ជាតិអង់គ្លេស ពីសំណាក់កងកម្លាំងឆ្មាំសមុទ្រអ៊ីរ៉ង់កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយវាក៏ត្រូវបានចាត់ទុកជាការធ្វើតេស្តសមត្ថភាពមួយផងដែរ ទៅលើការប្រើវិធីសាស្ត្រការទូត ដើម្បីដោះស្រាយបញ្ហារបស់លោកស្រី។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃចន្ទ ទី២២ ខែកក្តដា ឆ្នាំ២០១៩។

ជុំវិញបញ្ហាខាងលើនេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ជែរ៉េមី ហាន់ត៍ (Jeremy Hunt) បានបញ្ជាក់ឲ្យដឹងថា ប្រហែលជាអាចនឹងប្រកាសដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ រួមទាំងការបង្កកទ្រព្យសម្បត្តិរបស់ក្រុងតេហេរ៉ង់ផងដែរ នៅពេលឆាប់ៗខាងមុខនេះ ដើម្បីជាការឆ្លើយតបទៅនឹងការរឹបអូសយក កប៉ាល់ដឹកប្រេងរបស់អង់គ្លេសឈ្មោះ ស្ទេណា អ៊ីភែរ៉ូ (Stena Impero) ប្រសិនណាភាគីអ៊ីរ៉ង់នៅតែមិនព្រមដោះលែងវាទេនោះ។

គួរជម្រាបថា កាលពីថ្ងៃសុក្រសប្តាហ៍មុន កងកម្លាំងអ៊ីរ៉ង់បានធ្វើការឃាត់ខ្លួនកប៉ាល់ពីរគ្រឿង ដែលជាកម្មសិទ្ធិរបស់ប្រទេសលីប៊េរីយ៉ា និងអង់គ្លេសនៅឯច្រក ហ័រមូស (Hormuz) ក្រោមចោទប្រកាន់ថា កប៉ាល់ទាំងពីរគ្រឿងនេះបានរំលោភលើច្បាប់សមុទ្រអន្តរជាតិ។ ប៉ុន្តែក្រោយមកកប៉ាល់លីប៊េរីយ៉ាត្រូវបានដោះលែងវិញ ដោយឡែកកប៉ាល់ដឹកប្រេងអង់គ្លេស​ឈ្មោះ Stena Impero វិញគឺនៅបន្តស្ថិតក្រោមកណ្តាប់ដៃរបស់ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដដែលរហូតមកដល់ពេលនេះ។

គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងចក្រភពអង់គ្លេសបានប្រែជាតានតឹងខ្លាំង នៅពេលដែលកងម៉ារីនរបស់អង់គ្លេស បានរឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់មួយគ្រឿង នៅឯច្រកសមុទ្រ Gibraltar កាលពីថ្ងៃ០៤ ខែកក្តដាកន្លងទៅនេះ ដោយទីក្រុងឡុងដ៍អះអាងថា មានគោលដៅដឹកប្រេងឆ្ពោះទៅប្រទេសស៊ីរី ដែលល្មើសនឹងទណ្ឌកម្មអន្តរជាតិ ហើយកប៉ាល់អ៊ីរ៉ង់មួយនោះត្រូវបានរក្សាទុកមកទល់ពេលនេះ ទោះបីជាអ៊ីរ៉ង់បានទាមទារយ៉ាងទទូច ឲ្យអាជ្ញាធរអង់គ្លេសដោះលែងវិញយ៉ាងណាក៏ដោយ៕