(ប៉េកាំង)៖ អ្នកជំនាញសេដ្ឋកិច្ចហ្ស៊កដានី លោក ខាឡេដ ហ្ស៊ូបៃឌី (Khaled Zubeidi) បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងបន្តរក្សាកំណើនទៅថ្ងៃអនាគត បើទោះជាកំពុងមានជម្លោះពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩។

លោក Khaled Zubeidi ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយស៊ីនហួរ កាលពីថ្ងៃអាទិត្យ ដោយបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសចិនគឺជាអ្នកនាំចេញដ៏ខ្លាំងក្លា និងមានទំនាក់ទំនងយ៉ាងរឹងមាំ ជាមួយបណ្ដាប្រទេសក្នុងតំបន់អាមេរិកឡាទីន អាហ្វិ្រក រុស្ស៊ី អឺរ៉ុប និងអាស៊ី... ហើយដែលឥទ្ធិពលនេះ បានធ្វើឱ្យសេដ្ឋកិច្ចចិនអាចជម្នះលើផលអវិជ្ជមាន ដែលបង្កឡើងដោយសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បានជាបន្តបន្ទាប់»

គួរជម្រាបថា បើតាមការិយាល័យជាតិស្ថិតិចិន សេដ្ឋកិច្ចចិនមានកំណើន ៦.៣ភាគរយ នៅឆមាសទីមួយនៃឆ្នាំ២០១៩ ដែលស្មើនឹងអត្រាកំណើន ៦.៥៦ទ្រីលានដុល្លារ។ កំណើននេះគឺ ដើរស្របទៅតាមគោលដៅគ្រោងទុករបស់រដ្ឋាភិបាលចិន ដែលចង់សម្រេចឱ្យបានកំណើនពី ៦.០ ដល់ ៦.៤ភាគរយ។ ទោះបីជាបែបនេះក្តី ផលប៉ះពាល់គឺនៅតែមានដោយសារតែសង្គ្រាម ពាណិជ្ជកម្មបង្កឡើងដោយអាមេរិក ហើយប្រទេសជាច្រើននៅពិភពលោក ចង់ឲ្យមហាយក្សសេដ្ឋកិច្ចទាំងពីរ ដោះស្រាយបញ្ហានេះឲ្យបាន ដើម្បីឲ្យកុំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល៕