(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបន្តការរិះគន់ និងវាយប្រហារជាថ្មីម្តងទៀត ទៅលើក្រុមស្រ្តីជាសមាជិកសភាអាមេរិកទាំង ០៤រូបមកពីបក្សប្រជាធិបតេយ្យ ដែលទើបបានទទួលរងការសាររើសអើងពីរូបលោក កាលពីជាងមួយសប្តាហ៍មុន ហើយនាពេលនេះទៀតលោក ត្រាំ ស្រាប់តែបានទាមទារ​ឲ្យពួកគេសុំទោសប្រជាជាតិអាមេរិកទៅវិញ។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩។

នាថ្ងៃអាទិត្យ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) លោក ត្រាំ បានបន្តបង្ហោះសារលើបណ្តាញ Twitter យ៉ាងដូច្នេះថា «ខ្ញុំគិតថា ស្រ្តីជាសមាជិកសភាទាំង ០៤រូបនោះ មិនស្រឡាញ់ប្រទេសយើងឡើយ។ ពួកគេគួរតែសុំទោសចំពោះប្រជាជាតិអាមេរិក សម្រាប់រឿងអាក្រក់ៗដែលពួកគេបាននិយាយកន្លងមក»។ ការរិះគន់នេះគឺសំដៅទៅលើ​លោកស្រី អាឡិចហ្សានឌ្រា អូខាស៊ីយ៉ូ​ខ័រទែស (Alexandria Ocasio-Cortez), លោកស្រី រ៉ាស៊ីដា ធ្លេប (Rashida Tlaib), លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) និងលោកស្រី អាយ៉ានណា ប្រ៊ែសឡេយ (Ayanna Pressley)។

គួរជម្រាបថា ការវាយប្រហារ និងរិះគន់សាជាថ្មីខាងលើនេះ គឺជារឿងរ៉ាវតភាគមកតាំងតែពីសប្តាហ៍មុនមួយទៀត នៅពេលដែលលោក បានបង្ហោះសារឌឺដងឲ្យស្រ្តីជាសមាជិកសភាបក្សប្រជាធិបតេយ្យទាំង ០៤រូប វិលត្រឡប់ទៅប្រទេសកំណើតពួកគេវិញទៅ ដែលពាក្យសម្តីនេះបានបង្កភាពចម្រូងចម្រាសជាខ្លាំង ដោយមតិភាគច្រើនចាត់ទុកថា វាជាសម្តីរើងអូសពូជសាសន៍ ដែលចេញពីមាត់ប្រធានាធិបតីអាមេរិក។

យ៉ាងណាមិញ បីរូបក្នុងចំណោមអ្នកទាំង ០៤បានកើត និងធំដឹងក្តីនៅសហរដ្ឋអាមេរិក ខណៈមួយរូបទៀតជាជនអន្តោរប្រវេសន៍ ដែលបានមករស់លើទឹកដីអាមេរិកតាំងពីតូច បើទោះបីជាពួកគេមានពូជអម្បូរមកពីអាមេរិកឡាទីន អារ៉ាប់ សូម៉ាលី និងអាហ្រិ្វក ក៏ដោយក្តី។ បន្ថែមពីនេះអតីតស្ត្រីទី ១ អាមេរិកលោកស្រី មីឈែល អូបាម៉ា និងស្វាមី ក៏បានបញ្ចេញប្រតិកម្មផងដែរជុំវិញបញ្ហានេះ ខណៈអ្នកទាំងពីរមានដើមកំណើតពីអាហ្វ្រិក៕