(វ៉ាស៊ីនតោន)៖ យោធាអាមេរិក បានចោទប្រកាន់ថាយន្ដហោះចម្បាំងវេណេស៊ុយអេឡា បានហោះ ប្រដេញយ៉ាងប្រកៀកតាមពីក្រោយ យន្ដហោះយោធាអាមេរិក EP-3 នៅលើដែនអាកាសអន្តរជាតិ ដែលនេះគឺជាសកម្មភាពគ្មានវិជ្ជាជីវៈ ខណៈប្រទេសទាំងពីរកំពុងមានភាពតានតឹងនឹងគ្នាស្រាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមយោធាអាមេរិក ឧបទ្ទវហេតុរវាងយន្ដហោះយោធាទាំងពីរខាងលើ បានកើតឡើងកាលពី សុក្រ ពោលគឺក្នុងថ្ងៃតែមួយដែលរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាស ដាក់ទណ្ឌកម្មលើមន្ត្រីស៊ើបការណ៍សំងាត់វេណេស៊ុយអេឡា០៤នាក់។ យន្ដហោះទាំងពីរគ្រឿងនេះ មិនបានបុកគ្នាឡើយ ហើយក៏គ្មាននរណាម្នាក់ រងរបួសនៅក្នុងហេតុការណ៍នេះដែរ។

គួរបញ្ជាក់ថា យោធាអាមេរិកមិនបានបញ្ជាក់លម្អិតពីបេសកកម្មរបស់យន្ដហោះស៊ើបការណ៍ EP-3 ឬក៏ពីទីតាំងកើតហេតុឡើយ។ ប៉ុន្តែ បើតាមខាងទីក្រុងការ៉ាកាស់ យន្ដហោះចម្បាំងវេណេស៊ុយអេឡា ២គ្រឿង បានហោះតាមស្ទាក់ចាប់យន្ដហោះយោធាអាមេរិកមួយគ្រឿង ហើយបានបណ្ដេញយន្ដហោះ នេះចេញពីដែនអាកាសវេណេស៊ុយអេឡា៕