(ឡាវេហ្គាស់)៖​ កីឡាករហ្វីលីពីន​ Manny Pacquiao ដណ្តើមបានខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក​ WBA World Welterweight Championship ក្រោយយកឈ្នះម្ចាស់ខ្សែ​ក្រវាត់​ Keith Thurman ដោយពិន្ទុមិនឯកច្ឆន្ទនាព្រឹកថ្ងៃអាទិត្យ​ ទី២១​ ខែកក្កដា​ ឆ្នាំ២០១៩​ ក្នុងប្រភេទទម្ងន់​ ៦៦.៨គីឡូក្រាម។

ការប្រកួតចំនួន​ ១២ទឹក​ (៣នាទី/ទឹក)​ ដែលបានធ្វើឡើងនៅសង្វៀន​ MGM Grand Garden Arena ស្ថិតក្នុងទីក្រុង​ Las Vegas រដ្ឋ​ Nevada សហរដ្ឋអាមេរិក​ កីឡាករចាស់វស្សាវ័យ​ ៤០ឆ្នាំ​ Pac Man ធ្វេីបានល្អបំផុតនៅទឹកទី១​ តាមរយ:វ៉ៃកីឡាករម្ចាស់ផ្ទះ​ Thurman អោយដេកលើសង្វៀន​ និងត្រូវអាជ្ញាកណ្តាលរាប់ដល់​៨ផងដែរ​។

ក្រោយមក​ Pacquiao ក៏បន្តធ្វើបានល្អពីទឹកទី២​ ដល់ទី៥​ និងប្រើកណ្តាប់ដៃវ៉ៃបែកច្រមុះ​ Thurman ចុងទឹកទី៥​ ទៀតផង​ មុនស្រុតកម្លាំង​ និងត្រូវបានសិស្សប្អូន​ ១០ឆ្នាំ​គ្រប់គ្រងការប្រកួតវិញចាប់ពីទឹកទី៦​ ដល់ទឹកទី៩​ មុនពេលទទួលរងកណ្តាប់ដៃរបស់ឆ្វេងរបស់​ Pacquiao ធ្វើអោយចុកក្នុងទឹកទី១០​ និងបន្តវ៉ចាញ់ពិន្ទ​ Pacquiao សម្រាប់២ទឹកដែលនៅសល់នោះ។

គួរបញ្ជាក់ផងថា​ ក្នុងប្រកាសលទ្ធផលពីសំណាក់ចៅក្រមទាំង​ ៣រូប​ ដោយចៅក្រមទី១​ ផ្តល់ពិន្ទុអោយ​ Keith Thurman ឈ្នះ​ ខណ:ចៅក្រមទី២​ និងទី៣​ បានផ្តល់ពិន្ទុអោយ​ Manny Pacquiao ជាអ្នកឈ្នះ។

បច្ចុប្បន្ន​ មានខ្សែក្រាវាត់​ ២ក្នុងដៃរួមមាន​ ខ្សែក្រវាត់​ WBA regular Welterweight ដែលដណ្តេីមបានពី​ Lucas Matthysse កាលខែកក្កដា​ ឆ្នាំ២០១៨​ និងខ្សែក្រវាត់​ WBA Super World Welterweight ដែលទេីបដណ្តេីមបានពី​ Keith Thurman ថ្ងៃនេះ៕