(ព័រទុយហ្គាល់)៖ អាជ្ញាធរព័រទុយហ្គាល់ នៅថ្ងៃអាទិត្យនេះ បានបញ្ជូនក្រុមអ្នកពន្លត់អគ្គីភ័យ ច្រើនជាង១,០០០នាក់ ឱ្យទៅចូលរួមក្នុងប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ ៣កន្លែង ដែលកំពុង ឆាបឆេះតំបន់ភាគកណ្ដាលនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរព័រទុយហ្គាល់ ខ្យល់បក់ខ្លាំងកំពុងបង្កការលំបាកជាខ្លាំងដល់ប្រតិបត្តិការ ពន្លត់ភ្លើងឆេះព្រៃ ដែលបានចាប់ផ្ដើមឆេះកាលពីល្ងាច ថ្ងៃសៅរ៍ នៅក្នុងតំបន់ Castelo Branco ស្ថិតនៅចំងាយ២២៥គីឡូម៉ែត្រ ពីភាគឦសានរដ្ឋធានី Lisbon។ ប៉ុន្តែ មកទល់នឹង ពេលនេះ មិនទាន់មានការបញ្ជាក់ពីទំហំបំផ្លិចបំផ្លាញឡើយ រីឯមនុស្សជាច្រើនត្រូវបានជម្លៀស ទៅកាន់កន្លែងមានសុវត្ថិភាព ខណៈមនុស្សម្នាក់ និងក្រុមពន្លត់អគ្គីភ័យ៧នាក់ រងរបួស។

គួររំលឹកថា កាលពីខែមិថុនា ឆ្នាំ២០១៧ ភ្លើងឆេះព្រៃនៅក្នុងទីក្រុង Pedrogao Grande ប្រទេសព័រទុយហ្គាល់ បានផ្ដាច់ជីវិតមនុស្ស ៦៤នាក់ និងច្រើនជាង២៥០នាក់រងរបួស៕